ថ្នាក់ដឹកនាំសហព័ន្ធកាយវប្បកម្មត្រឡប់ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦–លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានដឹកនាំក្រុមការងារសហព័ន្ធត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយចូលរួមបំពេញការងារជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ក្នុងការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅប្រទេសមីយ៉ាន់ម៉ា។
ក្នុងដំណើរវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក តឹក ប៊ុនវី បានគូសបញ្ជាក់ថា ចំពោះបញ្ហាសោកស្តាយដែលមិនបានបញ្ជូនកីឡាករកាយវប្បកម្មកម្ពុជាចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ជើងឯកអាស៊ីអាគ្នេយ៍ ពេលនេះ លោកបានលើកយកបញ្ហានេះជូនដល់កិច្ចប្រជុំអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធកាយវប្បកម្មពិភពលោក (WBPSF)។ លោកបន្ថែមថា ជាជំហានដំបូង WBPSF នឹងធ្វើលិខិតមួយជូនដល់សហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សិន ហើយសហព័ន្ធនេះនឹងយកលិខិតនេះជូនដល់ដោយសារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA)នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំឱ្យមានដំណោះស្រាយ និងការសម្របសម្រួល។

ប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់ថា សហព័ន្ធនឹងប្រឹងប្រែងដើម្បីទទួលបានសម្រួបសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានសិទ្ធិបញ្ជូនកីឡាករជម្រើសជាតិកម្ពុជាចូលរួមប្រកួតជើងឯកអាស៊ី និងជើងឯកពិភពលោក នាចុងឆ្នាំ២០២៦ នៅប្រទេសឡាវ។ លោក តឹក ប៊ុនវី សង្កត់ធ្ងន់ថា ក្នុង១ឆ្នាំ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាតែងតែចូលរួមប្រជែងមេដាយជូនជាតិ ៣ដង ដូចជាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក ខណៈកីឡាករជម្រើសជាតិកាយវប្បកម្មតែងតែហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសជារៀងរាល់ថ្ងៃ មិនដែលខកខានឡើយ។
ប្រធានសហព័ន្ធស្នើសុំក្រសួងអប់រំ យុវជន និងកីឡាជួយដោះស្រាយ សម្របសម្រួលលើបញ្ហានេះ ដើម្បីបន្តលើកទឹកចិត្តដល់កីឡាករ ដែលខិតខំហ្វឹកហាត់បំប៉នបច្ចេកទេសបានចូលរួមប្រកួតអន្តរជាតិឡើងវិញ នាពេលខាងមុខជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ការខកចិត្តចំពោះសហព័ន្ធមិនអាចបញ្ជូនកីឡាករជម្រើសជាតិរបស់ខ្លួនចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំនេះបាន ដោយសារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) នៃក្រសួងអប់រំបានចេញលិខិតបញ្ជាក់ថា កម្ពុជាជារដ្ឋហត្ថលេខី នៃអនុសញ្ញាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា និងប្រតិបត្តិតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក។ រីឯសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា មិនទាន់ស្ថិតក្រោមរចនាសម្ព័ន្ធដែលអនុលោមតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក នៅឡើយទេ ដោយស្ថិតក្រោមរចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPSF) ដែលមិនមែនជាសមាជិក និងប្រតិបត្តិតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក (WADA)។ ក្នុងន័យនេះ ក្រសួងស្នើឱ្យសហព័ន្ធខិតខំបំពេញតាមលក្ខខណ្ឌក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក និងស្ថិតក្រោមរចនាសម្ព័ន្ធដែលអនុលោមតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក។ លោក តឹក ប៊ុនវី បញ្ជាក់ថា ការចូលរួមលើកនេះ ក្នុងនាមជាសមាជិកប្រតិបត្តិរបស់សហព័ន្ធកាយវប្បកម្មអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ៕
ដោយ ហេង ណាលីន





