អភិបាលខេត្តកែបបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារវីរកងទ័ពជួរមុខក្នុងភូមិសាស្រ្តខេត្តកែប
AKP កែប ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសប្រកបដោយសន្តិភាព និងការអភិវឌ្ឍជាពិសេសលើកិច្ចការការពារព្រំដែន ត្រូវមានការអត់ធ្មត់ខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះអាវុធ ឬញុះញង់ឱ្យមានអំពើហឹង្សាណាមួយកើតឡើង ដែលអាចបង្កផលវិបាកដល់ប្រទេសជាតិ និងប្រជាជន។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បែបនេះក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយ និងថវិកាមួយចំនួន ផ្តល់ជូន គ្រួសារវីរកងទ័ព ដែលមានប្តី ឬកូន កំពុងឈរជើងនៅជួរមុខ ដែលបានលះបង់ដើម្បីជាតិមាតុភូមិចំនួន២គ្រួសារ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់មូលដ្ឋានដោយមិនប្រកាន់និន្នាការឡើយ។

សូមជម្រាបជូនថា អំណោយដែលបានចែកជូនរួមមានថវិកាមួយចំនួន សម្ភារៈប្រើប្រាស់ចាំបាច់ និងអង្ករផងដែរ ដើម្បីជួយសម្រាលក្នុងបន្ទុកគ្រួសាររបស់ពួកគាត់។ ទន្ទឹមនោះ ក្រុមគ្រួសារទទួលអំណោយទាំងអស់បានសម្ដែងក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដែលនេះគឺជាសកម្មភាពមនុស្សធម៌មួយ ដែលមិនត្រឹមតែផ្ដល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្ដល់កម្លាំងចិត្ត និងភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារវីរកងទ័ពផងដែរ៕

ដោយ AKP





