ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលបន្តវិធានការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិឡើងវិញអំពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា វិធានការរបស់រាជរដ្ឋាភិបាល ទី១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
វិធានការទី ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល។ វិធានការទី ៣. បញ្ចុះពន្ធគយដល់ ០ (សូន្យ) ដុល្លារ និង វិធានការទី ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
វិធានការទាំងនេះត្រូវបានអនុវត្តជាបន្តបន្ទាប់ ចាប់តាំងពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិដែលជាផលវិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីជួយបន្ធូរបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ៕

ដោយ៖ គង់ សិរីរ័ត្ន





