ឯកឧត្តម អានពេជ្រ ហត្ថដា ចូលរួមកិច្ចប្រជុំស្តីពីយន្តការគ្រប់គ្រង សម្រាប់ការធ្វើអាជីវកម្មខ្សាច់
AKP កណ្តាល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦–ឯកឧត្តម អានពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋាន គ.ធ.ខ និងលោក ខុន សេរីដ្ឋា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុកទាំង១៣ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អានពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះគឺពង្រឹងការយល់ដឹង ដោយផ្តោតសំខាន់លើទិដ្ឋភាព សេដ្ឋកិច្ច-សង្គម និងបរិស្ថាន ជូនដល់បណ្តាស្ថាប័ន អង្គភាព ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបំពេញការងារ ទាក់ទងនឹងការគ្រប់គ្រងធនធានខ្សាច់។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏ មានគោលដៅពង្រឹងកិច្ចសហការ ដោយជំរុញឱ្យបណ្តា ក្រុមហ៊ុន-សហគ្រាស ដែលប្រកបអាជីវកម្មខ្សាច់ ចូលរួម សហការគ្នា និងបង្កើនការទទួលខុសត្រូវខ្ពស់ ព្រមទាំងធានាឱ្យ បាននូវនិរន្តរភាព តាមរយៈការអនុវត្តអាជីវកម្មខ្សាច់ឱ្យបាន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ច្បាប់អនុញ្ញាត និងរួមគ្នា កាត់បន្ថយសកម្មភាពអាជីវកម្មខ្សាច់អនាធិបតេយ្យ ឱ្យមកនៅ កម្រិតអប្បបរមាផងដែរ។

លោក ខុន សេរីដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា សម្រាប់ខេត្តកណ្តាល គឺជាខេត្តដំបូងគេបង្អស់នៅទូទាំងប្រទេស ដែលបានរៀបចំ នូវពិធីផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងបញ្ចៀសបានផលអវិជ្ជមាន ផ្សេងៗផងដែរ។

ខ្សាច់គឺជាធនធានធម្មជាតិដ៏សំខាន់សម្រាប់វិស័យ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទីក្រុង។ ទោះយ៉ាងណា ការធ្វើអាជីវកម្មខ្សាច់ ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ដូចជាការ បាក់ច្រាំងទន្លេ ការបាត់បង់ជីវចម្រុះ និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះការរៀបចំយន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងការអនុវត្តបទដ្ឋាន បច្ចេកទេសម៉ឺងម៉ាត់ ជាកត្តាចាំបាច់បំផុត ក្នុងន័យនេះយន្តការគ្រប់គ្រងគួរតែផ្ដោតទៅលើចំណុចសំខាន់ៗ មាន -ការផ្ដល់អាជ្ញាប័ណ្ណដោយតម្លាភាព -ការត្រួតពិនិត្យ នឹងវាយតម្លៃ -ការអនុវត្តបទដ្ឋានបច្ចេកទេស -ការចូលរួមពីសហគមន៍និងសាធារណជន -ការពង្រឹងការអនុវត្តច្បាប់ ។

លោក អភិបាលរងខេត្តបន្តថា វិស័យរ៉ែនៅក្នុងខេត្តកណ្តាល បានចូលរួម បើធៀបនឹងខេត្តផ្សេងៗក្នុង ចំណែកយ៉ាងសំខាន់នៅក្នុងចំណូលជាតិបានច្រើនណាស់ វិស័យនេះ គឺខេត្តកណ្តាលរកចំណូលពីវិស័យរ៉ែ លំដាប់លេខ១ នៅទូទាំងប្រទេស គ្រាន់តែក្នុងឆ្នាំ២០២៤ កន្លងផុតទៅខេត្តកណ្តាល យើងមានចំណូលពីវិស័យរ៉ែ ជាង ២៦លាន ដុល្លារសហរដ្ឋអាមេរិក ដោយឡែកសម្រាប់ឆ្នាំ២០២៥ ប្រមូលបានថវិកាជូនរដ្ឋ ចំនួន ៣៧ លានដុល្លារសហរដ្ឋអាមេរិក ដោយមិនទាន់គិតដល់ពន្ធផ្សេងៗ ដែលអាជីវកម្មខ្សាច់បាន បង់ទាំងលើពន្ធគយ និងពន្ធដាផ្សេងទៀត ប្រមាណចូលជាង ៤០លានដុល្លារសហរដ្ឋអាមេរិក ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





