ថ្ងៃនេះកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដីរហូត៣០ភាគរយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦--ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងនិរតីបក់លើឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦៖ ១- តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី២៥%។ ២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី១៥%។
៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី៣០%។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕
ដោយ សួស សំរិត





