មន្ត្រីកូរ៉េខាងត្បូង និងណាតូ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ -- យោងតាមទីភ្នាក់ងារផ្គត់ផ្គង់អាវុធកូរ៉េខាងត្បូង បានឱ្យដឹងថា មន្ត្រីនៃទីភ្នាក់ងារផ្គត់ផ្គង់អាវុធកូរ៉េខាងត្បូង និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានពិភាក្សាគ្នាកាលពីថ្ងៃចន្ទ អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ រួមទាំងការជំរុញអន្តរប្រតិបត្តិការនៃប្រព័ន្ធអាវុធកូរ៉េ។
យោងរដ្ឋបាលការពារជាតិ (DAPA) បានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើងរវាង លោក គីម តេកុន (Kim Tae-kon) អគ្គនាយកសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលការពារជាតិ (DAPA) និងលោកស្រី តាចា ចាអាកូឡា (Tarja Jaakkola) អគ្គលេខាធិការរងទទួលបន្ទុកឧស្សាហកម្មការពារជាតិ នវានុវត្តន៍ និងអាវុធរបស់អង្គការណាតូ។
លោក គីម បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូងក្នុងការទទួលបានព័ត៌មានអំពីស្តង់ដារអង្គការណាតូ ដើម្បីធានាអន្តរប្រតិបត្តិការនៃប្រព័ន្ធអាវុធកូរ៉េ។
ចំណែកឯលោកស្រី ចាអាកូឡា បានអំពាវនាវឱ្យទីក្រុងសេអ៊ូលចូលរួមក្នុងគម្រោងសហប្រតិបត្តិការពហុភាគីដែលកំពុងត្រូវបានបន្តដោយរដ្ឋជាសមាជិករបស់ខ្លួននៅក្នុងវិស័យដូចជាគ្រាប់រំសេវ និងលំហ។
មុនកិច្ចប្រជុំ លោក លី យ៉ុងជុល (Lee Yong-chul) ស្នងការរដ្ឋបាលDAPA បានជួបជាមួយលោក ចាអាកូឡា និងបានពិភាក្សាអំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោក លី ក៏បាននិយាយផងដែរថា រដ្ឋបាល DAPA នឹងបន្តធ្វើការជាមួយនាយកដ្ឋានរបស់អង្គការណាតូ ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគីជាក់ស្តែង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





