អភិបាលស្រុកអង្គរបូរីអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលឃុំព្រៃផ្គាំ
AKP តាកែវ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- អភិបាលស្រុកអង្គរបូរីអញ្ជើញជួបសំណេះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ប៉ុស្ដិ៍នគរបាលរដ្ឋបាលនៃរដ្ឋបាលឃុំព្រៃផ្គាំក្រោមវត្តមានរបស់លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងស្រុកអង្គរបូរី មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំព្រៃផ្គាំ មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃផ្គាំ នាយកសាលាក្នុងឃុំព្រៃផ្គាំ មន្ត្រីសុខាភិបាលមណ្ឌលសុខភាពព្រៃផ្គាំ មន្ត្រីរាជការរដ្ឋបាលឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ ដោយពិធីនេះរៀបចំឡើងនៅសាលាឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលឃុំព្រៃផ្គាំទាំងអស់ ត្រូវចូលរួមសហការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ។ ទំនាក់ទំនងការងារឱ្យបានល្អនៅក្នុងមូលដ្ឋានឃុំ-ភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តរភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។

លោក កង អាណាន់ បានមានប្រសាសន៍បន្តថា ត្រូវខិតខំបំពេញការងារនិងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន "លឿន រហ័ស ទាន់ពេលវេលា និងនៅគ្រប់ទីកន្លែង"។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ។ត្រូវខិតខំបំពេញការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ។

លោក កង អាណាន់ បានមានប្រសាសន៍មន្ថែមថា ត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ជាពិសេសរាល់សំណើឬតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវតែចុះដោះស្រាយឱ្យបានឆាប់រហ័ស តាម ដែលអាចធ្វើទៅបាន។ហើយរាល់ការផ្តល់សេវាទាំងអស់ ត្រូវតែត្រឹមត្រូវតាមនីតិវិធីច្បាប់និងលក្ខខណ្ឌតម្រូវ ដើម្បីចៀសវាងកំហុសឆ្គង ដែលអាចនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរឃុំ-ភូមិ និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរួមសហការគ្នា លុបបំបាត់នូវអំពើអសកម្មនានា និងធ្វើការទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ត្រូវបន្តអនុវត្តគោនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់យើងមានសុខសុវត្ថិភាព និងនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់អាជ្ញាធរនិងរាជរដ្ឋាភិបាល៕
ដោយ អ៊ុច សៀង





