អង្គការ WWF រៀបចំសិក្ខាសាលាដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលគិតគូរដល់សត្វព្រៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- អង្គការ WWF-កម្ពុជា និងដៃគូ បានបើកសិក្ខាសាលា រយៈពេលបីថ្ងៃដែលមានអ្នកចូលរួមពីស្ថាប័នរដ្ឋាភិបាល អង្គការអភិរក្ស អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងអ្នកស្រាវជ្រាវ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលគិតគូរដល់សត្វព្រៃ និងការអភិរក្សសត្វដំរីនៅកម្ពុជា និងទូទាំងតំបន់អាស៊ី។

មន្រ្តីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា សិក្ខាសាលានេះ បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន ការពង្រឹងកិច្ចសម្របសម្រួលរវាងអន្តរវិស័យ ការកែលម្អទិន្នន័យអេកូឡូស៊ី និងការត្រួតពិនិត្យតាមដាន ព្រមទាំងការកំណត់ច្រករបៀងសត្វព្រៃអាទិភាព និងតំបន់គំរូសម្រាប់ការអនុវត្ត។

ឯកឧត្តម ជា សំអាង រដ្ឋលេខធិការក្រសួងបរិស្ថាន បានលើកឡើងថា «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការអភិរក្សជីវៈចម្រុះ ត្រូវដើរទន្ទឹមគ្នា សម្រាប់អនាគតកម្ពុជា»។

សម្រាប់ការងារបន្ទាប់ ភាគីពាក់ព័ន្ធទាំងអស់បានប្តេជ្ញាពង្រឹងកិច្ចសហការ និងបញ្ចូលការពិចារណាអំពីផលប៉ះពាល់នានានៃជីវៈចម្រុះទៅក្នុងការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ ណយ នឿន (ប្រភព៖ WWF)





