គ្រួសារជួបការលំបាក និងគ្រួសារងាយរងគ្រោះបានទទួលអំណោយចង្ក្រានសន្សំសំចៃថាមពល
AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- លោកស្រី ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះសួរសុខទុកប្រជាពលរដ្ឋងាយរងគ្រោះជួបការលំបាក និងចាស់ជរាគ្មានទីពឹងស្ថិតនៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ពេជ្រ សុភា ប្រធានមន្ទីរកិច្ចការនារីខេត្ត លោក លោកស្រី និងក្រុមការងារពាក់ព័ន្ធជាច្រើនាក់ផងដែរ។

ក្នុងឱកាសនោះ លោកស្រី ប៉ាល់ យឿន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដោយក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ដែលមានជីវភាពក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកមានជំងឺរាំរ៉ៃ និង ជួបគ្រោះមហន្តរាយ ជាដើម។

ទន្ទឹមនឹងនេះ លោកស្រីបានមានប្រសាសន៏ថា បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងសម្រានក្នុងមុខជានិច្ច ចៀសវាងកើតជំងឺ គ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺតម្កាត់ផ្សេងៗទៀត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារតូច និងមនុស្សចាស់ ដែលឆ្នាំនេះធាតុអាកាសមានការឡើងកម្ដៅខ្លាំង ធ្វើឱ្យពះពាល់ដល់សុខភាពពួកគាត់។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឱ្យជាប់ជាប្រចាំ និងសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ថ្លែងក្នុងបរិបទនេះ លោកស្រីប្រធានសាខាសមាគមនារី និងលោកស្រីអមដំណើរ បាននាំយកចង្ក្រានសន្សំសំចៃថាមពល ចែកជូនប្រជាពលរដ្ឋចំនួន ៣០១ គ្រួសារ បានទទួលគ្រប់ៗគ្នា និងមានថវិកាមួយចំនួនផងដែរ៕
ដោយ បៃ ស៊ីថុន





