ឯកឧត្តម ហ៊ែល តូនី ដឹកនាំប្រជុំថ្នាក់បច្ចេកទេសអាជ្ញាធរទន្លេសាប ដើម្បីចុះតាមដានពិនិត្យ និងចាត់វិធានការណ៍សកម្មភាពខុសច្បាប់ក្នុងតំបន់៣ ជុំវិញបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប នៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៦នេះបានដឹកនាំកិច្ចប្រជុំ ណែនាំ និងផ្តល់យោបល់ដល់ថ្នាក់ដឹកនាំបច្ចេកទេសក្រោមឱវាទ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប។
សូមជម្រាបថា តំបន់បឹងទន្លេសាប ក្រោមផ្លូវជាតិលេខ ៥ និងលេខ ៦ ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង ៦ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលកំណត់បែងចែកជា ៣ តំបន់ និងមានការបែងចែកការប្រើប្រាស់ខុសៗគ្នា៖ តំបន់ ទី១ តំបន់លំនៅដ្ឋាន និង ឬ ភូមិករ មានលក្ខណៈជាអចិន្រ្តៃយ៍ស្របច្បាប់ និងជាតំបន់សេដ្ឋកិច្ចចម្រុះ ។តំបន់ ទី២ តំបន់អាស្រ័យផល ក៏ជាតំបន់ទ្រនាប់ផងដែរ ជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅចន្លោះតំបន់១ និងតំបន់៣ និង តំបន់ ទី៣ តំបន់ដែនព្រៃលិចទឹក និងព្រៃលិចទឹកគ្រប់ប្រភេទ ជាដីសាធារណៈរបស់រដ្ឋ ត្រូវការពារដាច់ខាត ។

ឯកឧត្តម ហ៊ែល តូនី បានលើកឡើងថា កិច្ចប្រជុំនេះគឺដើម្បីបន្តពង្រឹងកិច្ចប្រតិបត្តិការដោយរៀបចំក្រុមការងារ និងដាក់សកម្មភាពចុះតាមដានពិនិត្យ អធិការកិច្ច និងចាត់វិធានការណ៍សម្របសម្រួលដោះស្រាយរាល់បាតុភាពសកម្មភាពខុសច្បាប់ ដោយទង្វើនៃការរំលោភដីព្រៃលិចទឹក ការយកបឹងបួធ្វើអាជីវកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធមិនមានការអនុញ្ញាតត្រឹមត្រូវស្ថិតក្នុងដែនព្រៃលិចទឹកតំបន់ ៣ នៃខេត្តទាំង ៦ នៅជុំវិញតំបន់ទន្លេសាប ៕


ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





