ប្រមុខក្រសួងមហាផ្ទៃណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការអនុវត្តន៍ការងារដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងជំរុញប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងជំរុញប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីជូនដំណឹងលេខ ១៧៤៩ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ពង្រឹងការអនុវត្តការងារលើវិស័យសំខាន់ៗចំនួន៤ រួមមាន÷ ពង្រឹងវិន័យ និងរបៀបរបបធ្វើការងារ ការរៀបចំពិធីការ និងកិច្ចប្រជុំ ការប្រើប្រាស់ឯកសណ្ឋាន និងសេចក្តីថ្លៃថ្នូរ និងការលើកកម្ពស់សោភណភាព និងបរិស្ថាន។
ការពង្រឹងវិន័យ និងរបៀបរបបធ្វើការងារ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីរាជការគ្រប់រូបត្រូវគោរពម៉ោងការងារ និងឋានានុក្រមឱ្យបានខ្ជាប់ខ្ជួន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ និងឥរិយាបថរួសរាយរាក់ទាក់ចំពោះប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការរៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់ ក៏ត្រូវបានតម្រូវឱ្យអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ការរៀបចំពិធីការ និងកិច្ចប្រជុំ៖ រាល់កិច្ចប្រជុំផ្លូវការត្រូវរៀបចំឱ្យស្របតាមពិធីការសង្គម រួមមាន ការដំឡើងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងព្រះបរមឆាយាលក្ខណ៍ឱ្យបានត្រឹមត្រូវ។ ការរៀបចំកន្លែងអង្គុយតាមឋានានុក្រម និងការផ្តល់ឯកសារជាមុនដល់អ្នកចូលរួម គឺជាកិច្ចការចាំបាច់ដើម្បីធានាភាពរលូននៃកិច្ចប្រជុំ។
ការប្រើប្រាស់ឯកសណ្ឋាន និងសេចក្តីថ្លៃថ្នូរ៖ មន្ត្រី និងសមាជិកក្រុមប្រឹក្សាត្រូវប្រើប្រាស់សម្លៀកបំពាក់សុភាព និងសមរម្យតាមតួនាទី។ ដោយឡែកក្នុងពិធីបុណ្យជាតិ និងកិច្ចប្រជុំសំខាន់ៗ ត្រូវស្លៀកឯកសណ្ឋានពេញលេញតាមការកំណត់ និងត្រូវពាក់ប័ណ្ណសម្គាល់ខ្លួនជាប្រចាំ ដើម្បីបង្ហាញពីអត្តសញ្ញាណ និងកិត្តិយសអង្គភាព។
ការលើកកម្ពស់សោភណភាព និងបរិស្ថាន៖ ឯកឧត្តមអភិសន្តិបណ្ឌិតបានណែនាំរដ្ឋបាលគ្រប់ថ្នាក់ឱ្យយកចិត្តទុកដាក់លើអនាម័យទីតាំងការងារ ជាពិសេសបន្ទប់ទឹក និងបរិវេណជុំវិញ។ ក្រៅពីការរៀបចំសួនច្បារ អាជ្ញាធរត្រូវតាមដានការប្រមូលសំរាមឱ្យបានទាន់ពេល និងជំរុញចលនា «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ផ្នែកបរិស្ថាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
សូមបញ្ជាក់ថា ជាការលើកទឹកចិត្តក្រសួងមហាផ្ទៃក៏បានណែនាំឱ្យមានការបង្កើតយន្តការវាយតម្លៃ និងផ្តល់បណ្ណសរសើរដល់មូលដ្ឋានណាដែលមានបរិស្ថានស្អាត និងការអនុវត្តល្អប្រចាំឆ្នាំផងដែរ។ ការអនុវត្តតាមការណែនាំនេះ មិនត្រឹមតែជួយឱ្យអង្គភាពមានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលមកទទួលសេវារដ្ឋបាលផងដែរ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





