អភិបាលខេត្តកំពង់ស្ពឺជំរុញការងារសង្គ្រោះបឋមដល់យុវជនស្ម័គ្រចិត្ត និងជនបង្គោលតាមសាលារៀនក្នុងកិច្ចប្រជុំអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីអំពាវនាវ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានលើកឡើងនូវស្មារតីសាមគ្គីភាព និងមនុស្សធម៌ ដើម្បីត្រៀមលក្ខណៈកៀងគររកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងគោលបំណងយកមកបម្រើសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តមបណ្ឌិតបានធ្វើការអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន ឯកជន និងមន្ត្រីរាជការ ចូលរួមបរិច្ចាគតាមសទ្ធា ដើម្បីទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែជឿជាក់ និងផ្តល់ការគាំទ្រដល់សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ នាពេលកន្លងមក ដែលធ្វើឱ្យការងារមនុស្សធម៌ក្នុងខេត្តទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។

ឯកឧត្តមបណ្ឌិតបានក្រើនរំលឹកដល់នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលដល់យុវជនស្ម័គ្រចិត្ត និងជនបង្គោល។ ជាពិសេស ត្រូវរៀបចំឱ្យមានការបង្ហាត់បង្រៀននូវ "ជំនាញសង្គ្រោះបឋម" នៅតាមសាលារៀន ដើម្បីពង្រឹងសមត្ថភាពឆ្លើយតប និងជួយសង្គ្រោះក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុនានា។
ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តល់កិត្តិយសប្រគល់ ប័ណ្ណថ្លែងអំណរគុណ ជូនដល់សប្បុរសជនទាំងអស់ ដើម្បីជាការឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌ ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមខេត្ត ក្នុងសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនាពេលកន្លងមកផងដែរ៕

ដោយ ម៉ែន ប៊ុនធីម





