រដ្ឋមន្ត្រីក្រសួងការងារលើកទឹក ចិត្តបងប្អូនប្រកបមុខរបរនិងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមកចាប់ឱកាសការងារក្នុងប្រព័ន្ធដើម្បីទទួលបាននូវអត្ថប្រយោជ ន៍កាន់តែប្រសើរពីរបបសន្តិសុខសង្គម
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអ រសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកក ម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយឯកឧត្តមបានផ្តល់នូវជម្រើសឱ្យបងប្អូនកំពុងធ្វើការ ប្រកបមុខ របរនិងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះឈ្មោះធ្វើការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា ដែលបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។

ថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង ២៥០នាក់ ជាអាជីវករលក់ ដូរតាមដងផ្លូវ កម្មករសេដ្ឋ កិច្ចក្រៅប្រព័ន្ធ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រារព្ធទិវាសម្រាប់បងប្អូនកម្មករនិយោជិតក្នុងនិងក្រៅប្រព័ន្ធ គឺជាការរំលឹកនិងដាស់ តឿន ដល់បុគ្គល ក្រសួង-ស្ថាប័ នពាក់ព័ន្ធ អ្នកធ្វើគោលនយោ បាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលឱ្យដឹងពីសិទ្ធិមូលដ្ឋាន ក្នុងវិស័យការងារ និងមុខរបរ ព្រមទាំងលក្ខខណ្ឌចាំបាច់ ដើម្បីធានាថាប្រជា ពលរដ្ឋ ឬអ្នកធ្វើការងារទទួលបានអត្ថប្រយោជន៍សមរម្យមួយក្នុងសង្គម។ បន្ថែមពីនេះ វេទិកានេះក៏ជាការពង្រឹងកិច្ចសន្ទនាសង្គមរវាង រាជរដ្ឋាភិបាល សមា គម សហជីព និងសង្គមស៊ីវិល សំដៅផ្លាស់ប្ដូរយោបល់និងជំរុញគោលនយោបាយ ដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិនាពេលថ្មីៗនេះដែលគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនត្រឹមតែចង់ឱ្យពលរដ្ឋមានត្រឹមតែការងារនោះទេ តែផ្ទុយទៅវិញត្រូវជាការងារ ដែលអាចបង្កើនបំណិន បង្កើនសមត្ថភាពខ្លួនឯង និងជាការងារ ដែលមានផលិតភាពកាន់តែកើនប្រាក់ខែក៏កាន់តែខ្ពស់ ជីវភាពក៏កាន់តែល្អប្រសើរ និងមានប្រព័ន្ធគាំពារសង្គមរឹងមាំសម្រាប់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។

រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលបានក្លាយជា«សំណាញ់សុវត្ថិភាពសង្គមដ៏រឹងមាំ» សម្រាប់ជួយគាំពារកម្មករនិយោជិត។ ក្នុងខណៈពេលដែល ប.ស.ស. កំពុងអនុវត្ត យ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងនិងពង្រីកវិសាលភាពដោយសម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់ ឯកឧត្តមក៏បានគូសបញ្ជាក់ថា គោលដៅរួមនាពេលនេះ គឺចង់ជួយបងប្អូនប្រកប មុខរបរនិងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលធ្លាប់លំបាកឱ្យក្លាយទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ ចំពោះបងប្អូនកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមសហគ្រាស សិប្បកម្មតូចៗដែលមិនទាន់បានចុះបញ្ជីនៅក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹក ចិត្តឱ្យទៅចុះឈ្មោះ តាមថ្នាលឌីជីថលដែលក្រសួងឧស្សាហ កម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសម្រួលជូន ហើយប្រសិនបើចង់ចូលធ្វើការនៅតាមរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទងទៅលេខទូរស័ព្ទ Hotline របស់ក្រសួង ១២៩៧។

បន្ថែមពីនេះ បងប្អូនដែលជាអ្នករត់ម៉ូតូកង់បីដែលចង់បានមុខរបរបន្ថែម អាចទាក់ទងទៅ វិទ្យាស្ថា នបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ ដើម្បីធ្វើការកែច្នៃដាក់ឧបករណ៍លាង និងថែទាំម៉ាស៊ីនត្រជាក់ក្នុងទិសដៅរកចំណូលបន្ថែម។ រីឯសិស្សដែលបោះបង់ការសិក្សាក៏អាចចូលរៀនកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជាសមាជិកសមាគម IDEA កម្មករនិយោជិតក្រៅប្រព័ន្ធ និងភាគីពាក់ព័ន្ធនឹងបន្តខិតខំចូលរួមចំណែកកាន់តែសកម្មបន្ថែមទៀតដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងអំពាវនាវឱ្យបន្តសហការគ្នាក្នុងសា្មរតីយោគយល់ខ្ពស់ជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញ ការងារ ចូលរួមផ្សព្វផ្សាយគោល ការណ៍ និងគោលនយោ បាយនានាផងដែរ។

លោក វន់ ពៅ ប្រធានសមាគម IDEA និងលោក តាន់ វិសាល តំណាងអង្គការអុកស្វាម (Oxfam) បានកោតសរសើរចំពោះគោលនយោបាយនិងយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានលើកឡើងពីតួនាទីដ៏សំខាន់របស់ពួកគាត់ដែលជា«ឆ្អឹងខ្នងនៃសេដ្ឋកិច្ច» និងពីបញ្ហាប្រឈមដូចជាហានិភ័យសុវត្ថិភាព និងសុខភាពការងារផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





