អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះនេត្រព្រះ ចុះជួយគ្រួសារខ្វះខាត ២០គ្រួសារ ក្នុងឃុំឈ្នួរមានជ័យ
AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតី "ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា" អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រះនេត្រព្រះ បានបន្តសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ដោយបានចុះសួរសុខទុក្ខ និងផ្ដល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ លោក កែវ ប៊ុនយឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រះនេត្រព្រះ អមដំណើរដោយសហការី បានចុះទៅដល់ឃុំឈ្នួរមានជ័យ ដើម្បីជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ លោកបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្តបន្ទាយមានជ័យ។

លោកប្រធានកិត្តិយសបានសង្កត់ធ្ងន់ថា កាកបាទក្រហមកម្ពុជា តែងតែនៅក្បែរបងប្អូនគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយឡើយ។ ក្រៅពីការផ្ដល់អំណោយ លោក កែវ ប៊ុនយឿន ក៏បានពាំនាំនូវការអប់រំ និងការផ្ដាំផ្ញើដ៏មានសារៈសំខាន់ការត្រៀមលក្ខណៈចំពោះគ្រោះធម្មជាតិ ដោយសារខែនេះជារដូវដែលមានភ្លៀងខ្យល់កន្ត្រាក់ លោកបានដាស់តឿនឱ្យពលរដ្ឋរៀបចំផ្ទះសម្បែងឱ្យបានរឹងមាំ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើងចង្ក្រាន និងចរន្តអគ្គិសនី ដើម្បីជៀសវាងគ្រោះអគ្គិភ័យជាយថាហេតុ។

លោកបានជំរុញឱ្យបងប្អូនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ "តិចខ្លាញ់ តិចអំបិល តិចស្ករ" រួមជាមួយការហាត់ប្រាណ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសម្រាកក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក។
សម្រាប់គ្រួសារនីមួយៗដែលទទួលបានអំណោយរួមមាន៖ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ដូចជា អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ៥ កំប៉ុង, ទឹកស៊ីអ៊ីវ ៣ ដប, ទឹកត្រី ៣ ដប, ទឹកសុទ្ធដបធំ ២ ដប, សារុង ១, ក្រមា ១ និងសម្លៀកបំពាក់មួយចំនួនទៀត។សកម្មភាពនេះ មិនត្រឹមតែជាការជួយសម្រាលការខ្វះខាតក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញនូវសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជារាស្ត្រនៅតាមមូលដ្ឋានដាច់ស្រយាល៕

ដោយឈុនសារ៉ាត





