លោក ថាំង វីយុទ្ធដាអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ និងប្រឡាយទឹក ជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋានៅឃុំបន្ទាយស្ទោង
AKP កំពង់ធំ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោងតំណាងឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ១ខ្សែ និងការស្តារប្រឡាយស្រោចស្រពចំនួន២ខ្សែស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកប្រធានក្រុមការងារបានបញ្ជាក់ថា សមិទ្ធផលដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា សម្រេចបានប្រមាណជា៧៥% រួមមាន៖ ផ្លូវលំ ១ខ្សែ ប្រវែង ១០០០ម៉ែត្រតភ្ជាប់ពីភូមិពោធិ៍ ភូមិចន្លុះ ទៅភូមិរលួស ភូមិតាម៉ើ និងភូមិបរវែង ជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្សទៅសាលាបឋមសិក្សាបេង។ ទន្ទឹមនឹងនេះ ការស្តារប្រឡាយ ២ខ្សែ ប្រវែងសរុប១៥០០ម៉ែត្រនឹងជួយនាំទឹកពីស្ទឹងស្ទោងសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារកសិករក្នុងឃុំទាំងមូល។

លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណនិងកោតសរសើរដល់ក្រុមការងារគ្រប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម។ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយុទ្ធសាស្ត្រ"ពង្រឹងកម្លាំងចាស់ ពង្រីកកម្លាំងថ្មី"ដើម្បីត្រៀមដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។

ក្នុងឱកាសនោះដែរ លោកថាំង វីយុទ្ធដាបានចុះសួរសុខទុក្ខ និងជំរុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយស្ទោង បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ"ភូមិ-ឃុំ មានសុវត្ថិភាព"ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាសុខសុវត្ថិភាពនិងសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕
ដោយ ស៊ុម វណ្ណា





