រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ស្នើឱ្យវិស័យឯកជន លើកកម្ពស់សិទ្ធិជនពិការ
AKP ភ្នំពេញថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦–លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបពិភាក្សាការងារជាមួយសមាគមឧកញ៉ាកម្ពុជា ស្តីពីការជំរុញដល់អ្នកវិនិយោគ និយោជក ជាម្ចាស់ក្រុមហ៊ុន វិស័យឯកជន ចូលរួមអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។

លោកជំទាវ លៀង ស្រីម៉ុល បានលើកឡើងថា ការជួបពិភាក្សាការងារជាមួយសមាគមឧកញ៉ាកម្ពុជា ក្នុងគោលបំណង ជំរុញដល់ម្ចាស់ក្រុមហ៊ុន វិស័យឯកជន ចូលរួមអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ ការលើកទឹកចិត្ត និងជំរុញដល់វិស័យឯកជន ទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ តាមអាត្រាកំណត់នៃច្បាប់ និង ស្នើសុំសមាគមសហការជាមួយក្រសួង ក្នុងការផ្សព្វផ្សាយ និងជំរុញវិស័យឯកជនចូលរួមការអនុវត្តច្បាប់ខាងលើ ។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាល សមាគមឧកញ៉ាកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ឧកញ៉ាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ឧកញ៉ាសមាជិកសមាគមឧកញ៉ាកម្ពុជា លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោកប្រធានរដ្ឋបាលសិទ្ធិជនពិការ និងមន្ត្រីជំនាញ សរុបចំនួនប្រមាណ ២០នាក់ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





