ឯកឧត្តម អ៊ុន ចាន់ដា៖ យើងមានផ្លូវគឺមានក្តីសង្ឃឹម ផ្លូវជាសសៃឈាមសេដ្ឋកិច្វរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ
AKP កំពង់ចាម ថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៦--ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យដោយផ្ទាល់គម្រោងស្ថាបនាផ្លូវបេតុងអាមេ និងផ្លូវក្រាលកៅស៊ូDBDT ១ខ្សែ ប្រវែង5550ម៉ែត្រ ទទឹង6 ម៉ែត្រ តភ្ជាប់ពីផ្សារផ្អាវ ទៅឃុំទំនប់-ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថា កាលណាយើងមានផ្លូវគឺមានក្តីសង្ឃឹម។ផ្លូវគឺជាសសៃឈាមសេដ្ឋកិច្វ របស់ប្រទេសជាតិក៏ដូចជារបស់ប្រជាពលរដ្ឋដែរ។កាលណាយើងមានផ្លូវល្អផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរការដឹកនាំផលិតផល ដែលផលិតបានទៅកាន់ទីផ្សារ ពិសេសធ្វើឱ្យជនបទនិងទីផ្សារ ក៏ដូចជាទីក្រុងនៅជិតគ្នា។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បេតុងអាមេ និងផ្លូវក្រាលកៅស៊ូDBDT ១ខ្សែ ប្រវែង៥៥៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ផ្លូវដែលបានតភ្ជាប់ពីផ្សារផ្អាវ ទៅឃុំទំនប់-ឃុំតាំងក្រសាំង ស្រុកបាធាយសម្រេចការស្ថាបនាបានប្រមាណ៩០% បញ្ចប់ក្នុងពេលឆាប់ៗនេះ វាបានផ្តល់អត្ថប្រយោជន៍យ៉ាងមហាសាលដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែលធ្វើឱ្យតម្លៃដីធ្លីខ្ពស់ការធ្វើដំណើរកាន់តែងាយស្រួលពិសេសការធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋដែលអាស្រ័យលើផ្លូវនេះមានការរីកចម្រើនជាក់ជាមិនខានឡើយ។

ក្នុងឱកាសការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាល បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្កក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមអភិបាលខេត្ត ដែលថ្នាក់ដឹកនាំតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវសហការជាមួយមន្ត្រីបច្ចេកទេស ក្នុងការតាមដានការរដ្ឋានខាងលើប្រកបដោយស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕

ដោយ ឆាយ ម៉ុត





