ឯកឧត្តម កែវ វណ្ណថន ដឹកនាំកិច្ចប្រជុំយុទ្ធសាស្ត្របន្តនិរន្តរភាពបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតីបុរេសកម្មដើម្បីការពារសន្តិសុខឌីជីថល និងសុវត្ថិភាពសង្គម កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយតំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីមូលដ្ឋានសរុបប្រមាណជាង ២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម កែវ វណ្ណថន បានសង្កត់ធ្ងន់ថា បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនមែនជាបញ្ហាដាច់ដោយឡែករបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែវាជាបញ្ហាសន្តិសុខកម្រិតជាតិ និងអន្តរជាតិដែលទាមទារឱ្យមានការចាត់វិធានការណ៍ក្តៅ និងជាប់ជាប្រចាំ។

«យើងត្រូវតែបន្តនិរន្តរភាពនៃយុទ្ធនាការនេះឱ្យកាន់តែខ្លាំងក្លា និងស៊ីជម្រៅបំផុត ដើម្បីកុំឱ្យក្រុមឧក្រិដ្ឋជនមានឱកាសប្រើប្រាស់ទឹកដីរបស់យើងធ្វើជាបង្អែកក្នុងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ ការបង្ក្រាបត្រូវតែធ្វើឡើងដោយគ្មានការលើកលែង ហើយការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីល្បិចកលបោកប្រាស់ ក៏ជាខែលការពារដ៏រឹងមាំបំផុត»។ នេះជាប្រសាសន៍បន្ថែមឯកឧត្តម កែវ វណ្ណថន។
ជាការឆ្លើយតប ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិបាលបានលើកឡើងថា ខេត្តបន្ទាយមានជ័យ ជាខេត្តជាប់ព្រំដែនដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក ដែលអាចជាគោលដៅងាយរងគ្រោះ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន។ឯកឧត្តមបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចាប់ពីកម្រិតខេត្តរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់រាល់ទីតាំងដែលមានការសង្ស័យថា មានបង្កប់សកម្មភាពល្បែងស៊ីសង ឬការឆបោកតាមអនឡាញ។
បង្កើនការអប់រំ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំឱ្យចាញ់បោកការអូសទាញការងារដែលមានចំណូលខ្ពស់ខុសធម្មតា ឬការវិនិយោគតាមអនឡាញដែលខ្វះប្រភពច្បាស់លាស់។សហការគ្នាជាធ្លុងមួយ រវាងកងកម្លាំង និងតុលាការ ដើម្បីចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុតលើជនល្មើស។
កិច្ចប្រជុំលទ្ធផលប្រកបដោយផ្លែផ្កា ដោយកំណត់យកការអនុវត្តច្បាប់ជាចំបង និងការបង្កើនប្រសិទ្ធភាពការងារជំនាញជាគ្រឹះ។ យុទ្ធនាការនេះ មិនត្រឹមតែសំដៅលើការបង្ក្រាបប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងទំនុកចិត្តដល់វិនិយោគិន និងធានានូវសុវត្ថិភាពផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល តាមរយៈការចូលរួមពីមន្ត្រីមូលដ្ឋានជាង ២០០នាក់នាថ្ងៃនេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា ខេត្តបន្ទាយមានជ័យនឹងក្លាយជាសមរភូមិដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដើម្បីសន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





