ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា៖ ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗនេះនឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោង និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀត
AKP កំពង់ធំ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--លោកផាង វីប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗនឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោងនិងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀត។ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោក សាយ គឹម ឡមអភិបាលស្រុកស្ទោងអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយ ប្រព័ន្ធធារាសាស្ត្រថ្មីៗ និងចាក់ដីពង្រីកថ្នល់តាឈុំនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦។

លោកផាង វីបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដល់សុខទុក្ខសុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម និងក្រុមការងារបានកសាងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនជាពិសេស ផ្លូវ ប្រព័ន្ធប្រឡាយមេ សំណង់សិល្បៈការជាច្រើន និងប្រព័ន្ធប្រឡាយជើងក្អែបខ្វាត់ខ្វែង។

ទន្ទឹមនឹងនេះ ប្រព័ន្ធប្រឡាយ ចែកចាយ និងរំដោះទឹក និងផ្លូវអមប្រឡាយដែលសាងសង់នៅក្នុងឱកាសនេះ គឺជាផ្លូវគមនាគមន៍ដ៏មមាញឹក និងសកម្មសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានជាពិសេសជាផ្លូវថ្មីសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យរស្មីសោភ័ណក្នុងការធ្វើដំណើរទៅមកសាលារៀនបានងាយស្រួលនិងប្រសើរជាងមុនជាពិសេសកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរប្រចាំថ្ងៃថែមទៀតផង។

សូមបញ្ជាក់ផងដែរថា ប្រព័ន្ធប្រឡាយរំដោះទឹករួមជាមួយនឹងសំណង់សិល្បការចំនួន៤កន្លែង លូរំដោះទឹកប្រវែង៨៦ម៉ែត្រ និងការចាក់ដីពង្រីកផ្លូវថ្នល់តាឈុំប្រវែង៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រគឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលប្រព័ន្ធប្រឡាយប្រវែង២៥០០ម៉ែត្រសម្រេចបាន ៧០% និងការចាក់ដីពង្រីកផ្លូវបាន៩០%៕
ដោយ ស៊ុម វណ្ណា





