ឯកឧត្តម ប្រាក់ ដាវីដ បង្ហាញយុទ្ធសាស្ត្រគាំពារជីវភាព និងឆ្លើយតបសំណូមពរពលរដ្ឋភៀសសឹកនៅស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតីបម្រើប្រជាពលរដ្ឋដោយផ្ទាល់ និងស្វែងយល់ពីសុខទុក្ខនៅតាមមូលដ្ឋានដាច់ស្រយាល កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរៀបចំវេទិកាសាធារណៈដ៏មានសារៈសំខាន់មួយ សម្រាប់ពលរដ្ឋភូមិសាមគ្គីស្រុកថ្មពួកដែលបានភៀសខ្លួនពីសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា ហើយបានមករស់នៅបណ្តោះអាសន្នក្នុងមណ្ឌល ឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ។

អង្គវេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកថ្មពួក រួមជាមួយ ឯកឧត្តម ឃឹម ហ្វីណង់អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងមានការចូលរួមពី លោក ឃ្លោក នួយអភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋដែលជាអតីតអ្នកភៀសសឹកក្នុងភូមិសាមគ្គី បានលើកឡើងនូវសំណូមពរ និងកង្វល់ជាច្រើន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមមាន៖ ស្នើសុំឱ្យមានការជួយសម្របសម្រួលផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ដើម្បីបង្កបង្កើនផលដោយភាពកក់ក្តៅ និងមានស្ថិរភាព។តម្រូវការប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដើម្បីធានាដល់ការដាំដុះក្នុងរដូវប្រាំង។ស្នើសុំការគាំទ្រផ្នែកបច្ចេកទេសថ្មីៗ និងការជួយស្វែងរកទីផ្សារកសិផលដែលពួកគាត់ផលិតបាន។

ជាការឆ្លើយតបទៅនឹងសំណូមពរទាំងនេះ ឯកឧត្តម ប្រាក់ ដាវីដ បានសម្តែងនូវការយល់ចិត្ត និងវាយតម្លៃខ្ពស់ចំពោះការតស៊ូរបស់បងប្អូនពលរដ្ឋភៀសសឹក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនទុកបងប្អូនចោលឡើយ ហើយក្រសួងកសិកម្មកំពុងខិតខំប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។
"រាល់សំណូមពររបស់បងប្អូន គឺជាអាទិភាពដែលយើងត្រូវដោះស្រាយ។ យើងមិនត្រឹមតែនាំមកនូវដំណោះស្រាយចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងនាំមកនូវយុទ្ធសាស្ត្រកសិកម្មទំនើប ដើម្បីឱ្យបងប្អូនមានចំណូលស្ថិរភាព និងជីវភាពកាន់តែប្រសើរឡើង" ។ នេះជាប្រសាសន៍ដ៏មុតមាំរបស់ឯកឧត្តមរដ្ឋលេខាធិការ។
ឯកឧត្តមបានណែនាំឱ្យមន្ទីរពាក់ព័ន្ធសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសិទ្ធិកាន់កាប់ដីធ្លីជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងតម្លាភាព។ជំរុញឱ្យមានការចងក្រងជាសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការទទួលបានបច្ចេកទេស និងមានអំណាចក្នុងការចរចាតម្លៃជាមួយទីផ្សារ។ប្តេជ្ញាបង្ខិតមន្ត្រីជំនាញឱ្យចុះមកដល់ផ្ទះ បង្រៀនបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
វេទិកាសាធារណៈនេះ មិនត្រឹមតែជាកន្លែងសម្រាប់បញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចម្លងដ៏សំខាន់ដែលធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកមានអារម្មណ៍ថា ពួកគាត់មានបង្អែកដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល។ ស្នាមញញឹម និងសេចក្តីសង្ឃឹមថ្មីត្រូវបានបង្កើតឡើង តាមរយៈការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងគោលដៅរួមតែមួយគឺ «លើកកម្ពស់ជីវភាពពលរដ្ឋឱ្យបានប្រសើរឡើងគ្រប់កាលៈទេសៈ»៕
ដោយ ឈុន សារ៉ាត





