ក្រសួងសុខាភិបាលរៀបចំសិក្ខាសាលា ពង្រឹងសមត្ថភាពត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី
AKP កំពង់ឆ្នាំង ថ្ងៃទី៨ ខែឧសភា ឆ្នា២០២៦--លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងក្នុងឱកាសបើកសិក្ខាសាលាស្ដីពីពង្រឹងសម្ថភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់គ្មានផ្សែងបារី នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីក្រសួង មន្ទីរពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការអនុវត្តន៍គោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺសំដៅឬសគល់នៃថ្នាំជក់ដែលគោលការណ៍នេះបានជួយឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌអាចចូលរួមបញ្ចេញស្នាដៃក្នុងការរៀបចំក្រុង ស្រុក ខណ្ឌរបស់ខ្លួនឲ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្នុងន័យលើកកម្ពស់មុខមាត់ក្រុង ស្រុក ខណ្ឌរបស់ខ្លួន ក៏ដូចជាពង្រឹងសក្តានុពលគោលដៅទេសចរណ៍របស់ខ្លួនប្រកបដោយភាពទាក់ទាញមួយចំណែកយ៉ាងធំ។

ទន្ទឹមនឹងនេះលោកជំទាវបានជម្រុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ លើកកម្ពស់ត្រួសត្រាយផ្លូវ និងត្រៀមលក្ខណៈសម្បត្តិក្នុងការជំរុញទីក្រុងស្អាត ស្រុកទូទាំងខេត្ត និងរមណីយដ្ឋាននានា ឱ្យក្លាយជាតំបន់ទេសចរណ៍គ្មានផ្សែងបារី នៅពេលខាងមុខ ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។

ថ្លែងក្នុងបរិបទនេះលោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ក្រសួង មន្ទីរទេសចរណ៍ចូលរួមយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងឯកសារគតិយុត្តផ្សេងៗទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងចំណោមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានា ជាពិសេសបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយបានជំរុញឲ្យមានការអនុវត្តន៍ឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានទាំងនោះ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕
ដោយ បៃ ស៊ីថុន





