ក្រសួងសេដ្ឋកិច្ចបន្តបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្ដីពី «វិធាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនមន្ត្រីលទ្ធកម្មនៃមន្ទីរអធិការកិច្ច មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត និងរដ្ឋបាលខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «វិធាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនសិក្ខាកាមគោលដៅជាមន្ត្រីលទ្ធកម្មនៃមន្ទីរអធិការកិច្ច មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីររ៉ែ និងថាមពល រាជធានី ខេត្ត និង រដ្ឋបាលខេត្តព្រៃវែង។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយថាមពល វៃឈ្លាស និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្ដោតលើការធានាប្រសិទ្ធភាពសមិទ្ធកម្ម និងប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ផ្ដល់អាទិភាពលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានដាក់ឱ្យអនុវត្តដំបូងនៅឆ្នំា២០០៤ បច្ចុប្បន្នកំពុង ស្ថិតក្នុងដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅ គឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនទ្បើងត្រូវបានផ្ទេរទៅដល់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និងការអនុវត្តអង្គភាពថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ជាមួយនឹងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាឆ្អឹងខ្នងនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ទន្ទឹមនេះ ក្រោមឆ័ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ត្រូវបានរៀបចំ និង ដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១៩ និងត្រូវបានធ្វើបច្ចុប្បន្នកម្មមកជាយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០២៥-២០២៨ ក្នុងគោលបំណងប្រែក្លាយប្រព័ន្ធលទ្ធកម្មសាធារណៈរបស់កម្ពុជាទៅជា «ប្រព័ន្ធមួយដែលកាន់តែជឿទុកចិត្ត ប្រសិទ្ធភាព ប្រកួតប្រជែង និងសន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ» សំដៅរួមចំណែកឆ្ពោះទៅសម្រេចគោលដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈនៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការបកស្រាយ និងការអនុវត្តរបស់ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួននៅឃ្លាតពីក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ការពន្យារពេលអនុវត្តកិច្ចលទ្ធកម្មរបស់ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួននៅបន្តកើតមាន ការផ្លាស់ប្តូរមន្ត្រីលទ្ធកម្មកើតមានញឹកញាប់ នៅតាមស្ថាប័នអនុវត្តលទ្ធកម្ម ចំណេះដឹង និងសមត្ថភាពជំនាញរបស់មន្ត្រីលទ្ធកម្មនៅមានកម្រិត ការតាមដាន និងវាយតម្លៃលើសមត្ថភាពជំនាញរបស់មន្ត្រី លទ្ធកម្មមិនទៀងទាត់ ការគ្រប់គ្រងការអនុវត្តកិច្ចសន្យា នៅមានកម្រិត និងចំណេះដឹងក្នុងការប្រើ FMIS មិនទាន់គ្រប់គ្រាន់។ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ ក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំ និងដាក់អនុវត្តបន្ថែមជាបន្តបន្ទាប់នូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសាធារណៈ។
ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ជានិច្ចលើការកសាង និងការអភិវឌ្ឍសមត្ថភាពលើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ដើម្បីតម្រង់ទិសការរៀបចំ និងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាល និងវិក្រឹតការជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពជំនាញក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឆ្នាំ២០២៣ និងអនុក្រឹត្យ ស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។
តាមរយៈនេះ វគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្តីពីវិធាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ នាពេលនេះ ពិតជាមានសារសំខាន់ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់មន្ទីរអធិការកិច្ច មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីររ៉ែនិងថាមពល រាជធានី ខេត្ត និងរដ្ឋបាលខេត្តព្រៃវែង សម្រាប់ធានាផលិតភាព ប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តការងារប្រចាំថ្ងៃ និងការគ្រប់គ្រងថវិកាជាតិ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕
ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)





