ភ្នំព្រះតំបន់ទេសចរណ៍ដ៏មានសក្តានុពលធនធានធម្មជាតិគ្មានគូប្រៀបក្នុងទឹកដីវាលវែង ខេត្តពោធិ៍សាត់
AKP ពោធិ៍សាត់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--សហគមន៍ភ្នំព្រះ គឺជាតំបន់ទេសចរណ៍ថ្មីមួយ មានទីតាំងស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ទេសចរណ៍កម្សាន្តបែបផ្សងព្រេងដែលពោរពេញទៅដោយសក្តានុពលធនធានធម្មជាតិ និងមានអំណោយផលល្អសម្រាប់អ្នកទេសចរចូលចិត្តដើរកម្សាន្តព្រៃភ្នំ និងបោះតង់។

បើអ្នកទេសចរចង់ធ្វើដំណើរទៅកម្សាន្តតំបន់ទេសចរណ៍ដ៏ល្អប្រណិតមួយកន្លែងនេះ គេត្រូវធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ រួចបន្តដំណើរទៅកាន់ភ្នំ១៥០០ តាមផ្លូវជាតិលេខ៥៥ ចម្ងាយប្រហែល ៣៤០គ.ម ដើម្បីទៅដល់សហគមន៍ភ្នំព្រះ ក្នុងឃុំស្ទឹងកាច់ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការធ្វើដំណើរកម្សាន្តភ្នំព្រះ អ្នកទេសចរចាំបាច់ត្រូវធ្វើ ដំណើរឡើងលើភ្នំពោល ដែលមានចម្ងាយប្រហែលជាង ៨គីឡូម៉ែត្រ ពីភ្នំ១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ ទៅ ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿនទើបទៅដល់កំពូលភ្នំដែលប្រៀបប្រដូចទីឋានសួគ៌មួយកន្លែងនេះ។

នាពេលថ្មីមកនេះ ពោលគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៦ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំសហការីចុះផ្តិតយក ទស្សនីយភាព ស្ថានភាពផ្លូវធ្វើដំណើរឡើង និងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងតំបន់កម្សាន្ត និងបានចូលរួមឡើងភ្នំទទួលស្វាគមន៍ដោយផ្ទាល់ដល់ក្រុមភ្ញៀវទេសចរចូលចិត្តឡើងភ្នំប្រមាណជាង ១០០នាក់ ដែលបានធ្វើដំណើរកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ភ្នំខ្នងព្រះ។

លោកប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានណែនាំដល់សហគមន៍នាំភ្ញៀវ ឱ្យពិនិត្យមើលសម្រួលតម្រាយផ្លូវធ្វើដំណើរ ពង្រឹងផ្នែក សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងសេវាកម្មផ្សេងៗជូនភ្ញៀវ ដើម្បីបំផុសការផ្សព្វផ្សាយទេសចរណ៍បៃតងក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តពោធិ៍សាត់ឱ្យកាន់តែមានវិសាលភាពធំជាងមុន និងប្រសិទ្ធភាពធំជាងមុន ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាសហគមន៍ក្នុងមូលដ្ឋាន និងក្នុងខេត្តពោធិ៍សាត់ទាំងមូល។

លោក អេង រស្មី បានបញ្ជាក់ប្រាប់ថា លោកចង់ជម្រុញលើកកម្ពស់វិស័យទេសចរណ៍តំបន់ភ្នំឱ្យជនរួមជាតិយល់ដឹងពីអត្ថប្រយោជន៍ និងអត្ថន័យ ដូចទៅនឹងប្រទេសជប៉ុនយល់ថា ការឡើងភ្នំត្រូវបានចាត់ទុកថាជាពិធីមួយនៅក្នុងប្រទេសជប៉ុន ហើយអ្នកឡើងភ្នំជាច្រើនមានគោលបំណងមើល «goraikō» ឬព្រះអាទិត្យរះពីលើកំពូលភ្នំ។ បន្ថែមលើនេះ ពាក្យជប៉ុនណែនាំថា «មនុស្សមានប្រាជ្ញានឹងឡើងភ្នំ Fuji ម្តងក្នុងមួយជីវិត»។ ភ្នំហ្វូជី នៅប្រទេសជប៉ុន ត្រូវបានចាត់ទុកថាជាភ្នំដែលមានអ្នកឡើងភ្នំដល់កំពូលច្រើនជាងគេបំផុតលើពិភពលោក ដោយមានមនុស្សប្រមាណពី ២០០.០០០ ទៅ ៣០០.០០០នាក់ បានឡើងដល់កំពុលវារៀងរាល់ឆ្នាំ។
លោកប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើកឡើងដោយសំណូមពរដល់ភ្ញៀវទេសចរ ដែលមិនទាន់បានទៅកម្សាន្តភ្នំព្រះ អាចធ្វើដំណើរទៅកម្សាន្តបានព្រោះថាឥឡូវនេះដល់រដូវកាលបៃតងហើយ ទេសភាពស្រស់ស្អាតណាស់លើភ្នដ៏សែនខ្ពស់មួយកន្លែងនេះ។
បើយោងតាមលោក សាវធីម ប្រធានសហគមន៍ភ្នំព្រះ ធ្លាប់បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AKP ថា ភ្នំព្រះជាតំបន់ត្រជាក់អ្នកទេសចរធ្វើដំណើរឡើងលើភ្នំមិនក្តៅស្អុះស្អាប់ដូចភ្នំដទៃទេ ម្ល៉ោះហើយអ្នកទេសចររីករាយជាមួយដំណើរកម្សាន្តរបស់ខ្លួនចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំ។ នៅទីនោះ គេមិនត្រឹមបានគយគន់ទេសភាពព្រៃភ្នំ ស្តាប់សម្លេងសត្វយំឆ្លងឆ្លើយទេ គេនៅទស្សនា បន្លែព្រៃ រុក្ខជាតិចម្រុះ ផ្កាកេសរកូល (អ័រគីដេ) ហើយអ្វីដែលពិសេសនោះ គឺទស្សនាកម្រងរូបភាពថ្ងៃលិចដ៏អស្ចារ្យបំផុតលើកំពូលភ្នំ វាហាក់ដូចជាវិមាននៃឋានសួគ៌នៅលើភ្នំទៀតផង។
គួរបញ្ជាក់ថា ភ្នំព្រះមានភាពទាក់ទាញជាច្រើនដែលភ្ញៀវទេសចរអាចថតទេសភាពព្រៃព្រឹក្សា ផ្កាកេសរកូល កម្រៗ សត្វស្លាប សត្វព្រៃ ទឹកជ្រោះ និងដើមផ្កាដែលជារុក្ខជាតិប្លែកៗធម្មជាតិយ៉ាងច្រើនសម្រាប់ទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ជាច្រើនប្រភេទរាប់មិនអស់ទៀត៕
ដោយ៖ មករា





