ពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ របស់សាលាគណខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--សាលាគណខេត្តកណ្ដាល នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ:មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ របស់សាលាគណខេត្តកណ្ដាល ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្ដាល ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នៅវត្តសុវណ្ណវារី ស្រុកពញាឮ ខេត្តកណ្ដាល។

បន្ទាប់ពីព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធរគណខេត្តកណ្តាល អានសង្ឃប្រកាសអនុសំវច្ឆរ:មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃព្រះរាជាណាចក្រកម្ពុជារួចមក លោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយអនុសំវច្ឆរ:មហាសន្និបាតមន្រ្តីសង្ឃលើកទី៣៣ ដែលទើបបញ្ចប់ទៅនេះ បានដាក់ចេញនូវទិសដៅ និងសង្ឃប្រកាស់យ៉ាងច្បាស់លាស់ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវត្តអារាម និងសេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ ហើយក្នុងនាមជាអាជ្ញាធរខេត្ត សូមអំពាវនាវដល់ព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់អនុវត្តនូវខ្លឹមសារសង្ឃប្រកាសនេះឱ្យមានប្រសិទ្ធភាពដើម្បីរក្សានូវជំនឿជឿជាក់របស់ពុទ្ធបរិស័ទ និងធានាបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិយើង និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍ "មូលធនមនុស្ស”។

ព្រះពុទ្ធសាសនាមិនត្រឹមតែជាជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាលាបណ្តុះបណ្តាលសីលធម៌ គុណធម៌ និងវិជ្ជាជីវ ការផ្សព្វផ្សាយ អនុសំវច្ឆរ:មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ពីការយកព្រះទ័យទុកដាក់ខ្ពស់ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ដល់ប្រជាជន គ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស។

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា អនុសំវច្ឆរ:មហាសន្តិបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ក៏បានដាក់ចេញនូវសង្ឃប្រកាស រួមគ្នាតែមួយ ទាំងគណៈមហានិកាយ ទាំងគណៈធម្មយុត្តិកនិកាយ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ការប្រត្តិបត្តិ ព្រះធម៌វិន័យ ពង្រឹងវិស័យពុទ្ធិកសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាព តាមស្មារតី អនុសំវច្ឆរ:មហាសន្តិបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣នេះ និងបានជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំឆ្ពោះទៅរកសេចក្តីថ្លៃថ្នូ ជូន ជាតិមាតុភូមិ ប្រជាពុទ្ធបរិស័ទ ដោយឆន្ទៈប្តេជ្ញាអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាសដែលបានដាក់ចេញ ដោយ គណៈសង្ឃទាំងពីរគណៈ រួមទាំងលិខិតបទដ្ឋានដែលមានស្រាប់។
ពិធីផ្សព្វផ្សាយអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣៣ និងពិធីបើកបវេសនកាល ពុទ្ធិកសិក្សានាឆ្នាំ២០២៦-២០២៧ ដ៏មានសារៈសំខាន់នាពេលនេះ នឹងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានការរីកចម្រើនបន្ថែមទៀត លើការពង្រឹង រចនាសម្ព័ន្ធដឹកនាំព្រះសង្ឃ ការគ្រប់គ្រងវត្តអារាម ពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ក៏ដូចជាការចូល រួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ជារកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរក្សាស្ថេរភាព សន្តិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





