កិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ និងការរៀបចំប្រព័ន្ធគ្រប់គ្រងបន្ទប់ប្រជុំ និងព័ត៌មានបេសកកម្ម របស់មន្ត្រីរាជការ (MRD Portal) នៃក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងឆ្លងរបៀបវារៈ ចំនួន២ រួមមាន៖ ទី១. វឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ និងទី២. ការរៀបចំប្រព័ន្ធគ្រប់គ្រងបន្ទប់ប្រជុំ និងព័ត៌មានបេសកកម្ម របស់មន្ត្រីរាជការ (MRD Portal) នៃក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំមានដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសពាក់ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ជាកិច្ចចាប់ផ្ដើម អង្គប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់មួយចំនួនបន្ថែមទៀត ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ដ្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តសម្រេចបានដោយជោគជ័យ ឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមជាក់ស្ដែងនៅទូទាំងប្រទេស។
សូមជម្រាបជូនថា ក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ក្នុងគោលបំណងបង្កើនការតភ្ជាប់បណ្ដាញផ្លូវជនបទនៅទូទាំងប្រទេសឱ្យមានភាពប្រទាក់ក្រឡា ប្រកបដោយភាពធន់ និងមានការគ្រប់គ្រងដោយប្រសិទ្ធភាព និងនវានុវត្តន៍ ដែលជាការរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅនៃគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក៏ដូចជាចូលរួមចំណែកសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការបន្ដវេនដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


បន្ទាប់មក អង្គប្រជុំបានធ្វើពិនិត្យ និងពិភាក្សាលើរបៀបវារៈទី២ ស្ដីពីការរៀបចំប្រព័ន្ធគ្រប់គ្រងបន្ទប់ប្រជុំ និងព័ត៌មានបេសកកម្ម របស់មន្ត្រីរាជការ (MRD Portal) នៃក្រសួងអភិវឌ្ឍន៍ជនបទ។ តាមរយៈការធ្វើបទបង្ហាញដោយមន្ដ្រីបច្ចេកទេស ឯកឧត្តមរដ្ឋមន្ដ្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ដែលបានយកចិត្តទុកដាក់បង្កើតជាប្រព័ន្ធគ្រប់គ្រងនោះឡើង ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពក្នុងប្រតិបត្តិចាំបាច់មួយចំនួនក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលជាសក្ខីភាពបញ្ជាក់អំពីការចូលរួមក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





