មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់បទបញ្ជាដល់យោធិនគ្រប់រូបត្រូវត្រៀមខ្លួនជានិច្ច ក្នុងភារកិច្ចការពារបូរណភាពទឹកដីនិងការពារសុខសន្តិភាពជូនប្រជាជន
AKP កំពង់ធំ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤បានដាក់បទបញ្ជាដល់យោធិនគ្រប់រូបចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រូវត្រៀមខ្លួនរួចជាស្រេច អនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងថែរក្សាការពារសុខសន្តិភាពជូនប្រជាជនកម្ពុជា។ឧត្តមសេនីយ៍ទោសោម ស៊ុនដាក់បទបញ្ជាដូចនេះក្នុងពិធីសំណេះសំណាល និងពង្រឹងតួរនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៦។

ឧត្ដមសេនីយ៍ សោម ស៊ុនបានបញ្ជាក់បន្ថែមទៀតថា នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ដោយត្រូវមានភក្ដីភាពចំពោះប្រជាជន បម្រើប្រជាជន និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងត្រូវជឿជាក់លើការដឹកនាំដ៍ត្រឹមត្រូវរបស់ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកឱកាសនោះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំក៍បានណែនាំ និងប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ និងយោធិនគ្រប់រូប ត្រូវចូលរួមជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាដែនដីនៅគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវចូលរួមអនុវត្តន៍ឱ្យបានមុឺម៉ាត់បំផុត នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងកិច្ចសហការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដេីម្បីថែរក្សាធនធានធម្មជាតិរបស់យើង សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។


នៅក្នុងឱកឱកាសនោះយោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តគោរព អនុវត្តន៍តាមបទបញ្ជារបស់បញ្ជាការដែលបានដាក់ចេញឱ្យទទួលបានជោគជ័យនិងប្តេជ្ញាចិត្តគោរពគាំទ្រទាំងស្រុង ចំពោះការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ស៊ុម វណ្ណា





