អភិបាលរងខេត្តសៀមរាប៖ និយោជក កម្មករនិយោជិត និងសហជីព ត្រូវចាត់ទុកសហគ្រាស គឺជា ឆ្នាំងបាយរួម និងជា ផ្ទះទីពីរ របស់យើង
AKP សៀមរាប ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦-- ថ្លែងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានអំពាវនាវ និងលើកទឹកចិត្តដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នារក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាសគឺជា «ឆ្នាំងបាយរួម» និងជា «ផ្ទះទីពីរ» ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស។

យើងទាំងអស់គ្នាត្រូវមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចៀសវាងឱ្យឆ្ងាយពីការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយម ដែលព្យាយាមឆក់យកឱកាសនេះបង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គមក្នុងកាលៈទេសៈ ដែលយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។

លោកអភិបាលរងបានបន្តថា ទិវាប្រចាំឆ្នាំនេះមានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារ ប្រកបដោយភាពធន់ និងចីរភាព ការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាព អង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។

លោក ឌី រ៉ាដូ ក៏បានអំពាវនាវ និងលើកទឹកចិត្ត ដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់នូវការលើកទឹកចិត្តឱ្យមានការគោរពតាមស្មារតីនៃទិវា ១ ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឱ្យមានភាពកាន់តែប្រសើរឡើងនៃលក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តន៍ការងារកាន់តែល្អ និងបន្តអនុវត្តន៍
ស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ៕
ដោយ ឃុត សៅ





