អង្គការ MCC៖ សេះសមុទ្ររាប់ពាន់ក្បាលត្រូវបានគេចាប់ពីក្នុងសមុទ្រជារៀងរាល់ឆ្នាំទៅធ្វើជាឱសថបុរាណ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦—ទោះបីជាមានជំនឿតៗគ្នាថា វាអាចព្យាបាលជំងឺបានក៏ដោយ ប៉ុន្តែមិនទាន់មានការសិក្សាបែបវេជ្ជសាស្រ្តណាមួយបញ្ជាក់ពីប្រសិទ្ធភាពរបស់វានោះឡើយ។ ផ្ទុយទៅវិញ ការបរិភោគសេះសមុទ្រអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពទៅវិញនោះទេ ដោយសារតែវាមានសាធាតុបារតខ្ពស់។

បើតាមការឱ្យដឹងពីអង្គការ MCC នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ថា
ក្រៅពីបញ្ហាសុខភាព ការបាត់បង់សេះសមុទ្រធ្វើឱ្យវាលស្មៅសមុទ្របាត់បង់តុល្យភាព និងប៉ះពាល់ដល់ជីវភាពរបស់សហគមន៍នេសាទក្នុងតំបន់ថែមទៀតផង។ ហេតុដូច្នេះហើយ ទើបសេះសមុទ្រត្រូវបានការពារយ៉ាងតឹងរ៉ឹងក្នុងប្រទេសកម្ពុជា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងមានចែងក្នុងច្បាប់ថា ការចាប់ និងការលក់ដូរត្រូវបានហាមឃាត់ដាច់ខាត ហើយរាល់ការនេសាទបានដោយអចេតនា ត្រូវតែលែងពួកវាទៅក្នុងទឹកវិញជាបន្ទាន់។

លោកអ្នកអាចចូលរួមជួយបាន ដោយជ្រើសរើសប្រើប្រាស់ឱសថរុក្ខជាតិជំនួសវិញ បដិសេធការទិញផលិតផលសេះសមុទ្រក្រៀម និងជួយអប់រំអ្នកនៅជុំវិញខ្លួនអំពីសារៈសំខាន់នៃសត្វដ៏មានតម្លៃមួយនេះនៅក្នុងមហាសមុទ្រ៕
ដោយ ណយ នឿន (ប្រភព៖MCC)





