អ៊ីរ៉ង់និយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រហ័រមុសបានសម្លាប់ជនស៊ីវិល ៥នាក់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអង្គារថា ជនស៊ីវិលប្រាំនាក់ត្រូវបានសម្លាប់នៅពេលដែលកងកម្លាំងអាម៉េរិកបានកំណត់គោលដៅលើទូកដឹកទំនិញតូចៗនៅក្នុងច្រកសមុទ្រហ័រមុស ដោយជំទាស់នឹងការរៀបរាប់របស់ទីក្រុងវ៉ាស៊ីនតោនអំពីឧប្បត្តិហេតុនេះ។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ដោយដកស្រង់ប្រភពយោធាមួយបាននិយាយថា ការស៊ើបអង្កេតមួយបានរកឃើញថា កងកម្លាំងអាម៉េរិកបានវាយប្រហារទូកតូចៗពីរគ្រឿង ដែលដឹកទំនិញរបស់មនុស្សពីតំបន់ខាសាបនៅលើឆ្នេរសមុទ្រអូម៉ង់ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។
ប្រភពនេះត្រូវបានគេដកស្រង់សម្តីថា «បន្ទាប់ពីការអះអាងមិនពិតដោយយោធាអាម៉េរិកថា ខ្លួនបានកំណត់គោលដៅលើទូកល្បឿនលឿនអ៊ីរ៉ង់ចំនួន ០៦គ្រឿង ដោយសារតែគ្មាននាវាប្រយុទ្ធ IRGC ណាមួយត្រូវបានវាយប្រហារនោះ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងលើលក្ខណៈនៃការអះអាងពីប្រភពក្នុងស្រុក» ដោយសំដៅទៅលើកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។
អ្នកដំណើរស៊ីវិលប្រាំនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ ដោយប្រភពយោធាបាននិយាយដោយពណ៌នាថា វាជាចលនាប្រញាប់ប្រញាល់ ដែលជំរុញដោយការភ័យខ្លាចរបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការទូកលឿន IRGC។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅពេលមុននេះថា ឧទ្ធម្ភាគចក្រអាម៉េរិកត្រូវបានប្រើដើម្បីបំផ្លាញទូកតូចៗរបស់អ៊ីរ៉ង់ ដែលគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម ដោយបាននិយាយថា នាវាទាំងនោះត្រូវបានកំណត់គោលដៅក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាចរាចរណ៍តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)




