3ប្រធានសភាអ៊ីរ៉ង់៖ សមីការថ្មីនៅច្រកសមុទ្រហ័រមុសកំពុងលេចចេញជារូបរាង
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានសភាអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារថា «សមីការថ្មីមួយនៅក្នុងច្រកសមុទ្រហ័រមុសកំពុងលេចចេញជារូបរាង»។
លោក ម៉ូហាំម៉ាដ បាកកឺរ កាលីបាហ្វ (Mohammad Bagher Qalibaf) បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចរបស់សហរដ្ឋអាមេរិក ចំពេលដែលមានភាពតានតឹងដែលកំពុងបន្តនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រថា «សន្តិសុខនៃការដឹកជញ្ជូន និងការដឹកជញ្ជូនថាមពលត្រូវបានគំរាមកំហែងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈការរំលោភលើបទឈប់បាញ់ និងការដាក់របាំង។ ទោះជាយ៉ាងណាក៏ដោយ អំពើអាក្រក់របស់ពួកគេនឹងថយចុះ»។
លោក កាលីបាហ្វ បានអះអាងថា «ការបន្តនៃស្ថានភាពបច្ចុប្បន្ន គឺមិនអាចទ្រាំទ្របានសម្រាប់សហរដ្ឋអាមេរិកទេ»។
ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេអេរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាម៉េរិកនៅឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រហ័រមុស។
បទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី០៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែកិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដបានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងយូរអង្វែង។ បទឈប់បាញ់នេះត្រូវបានពង្រីកនៅពេលក្រោយដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយគ្មានកាលកំណត់។
ចាប់តាំងពីថ្ងៃទី១៣ ខែមេសា សហរដ្ឋអាមេរិកបានអនុវត្តការបិទផ្លូវកងទ័ពជើងទឹកដែលកំណត់គោលដៅចរាចរណ៍ផ្លូវសមុទ្ររបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រហ័រមុស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)




