អភិបាលខេត្តបន្ទាយមានជ័យជំរុញការកសាង “ភាពធន់” ក្នុងវិស័យការងារ ដើម្បីធានាសិទ្ធិ និងសុខុមាលភាពកម្មករនិយោជិតក្នុងឱកាសខួបទី១៤០ នៃទិវាពលកម្មអន្តរជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតីលើកកម្ពស់តម្លៃនៃកម្លាំងពលកម្ម និងការរឹតចំណងសាមគ្គីភាពរវាងនិយោជក និងនិយោជិត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីសារៈសំខាន់នៃការបង្កើតបរិយាកាសការងារប្រកបដោយចីរភាព និងភាពរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃសេដ្ឋកិច្ចសកល។
ការថ្លែងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទដ៏មានអត្ថន័យ “រួមគ្នាកសាងភាពធនដើម្បីការងារសមរម្យ”នាព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្ត។
ក្នុងសុន្ទរកថាបើកអង្គពិធី ដែលមានការចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងបងប្អូនកម្មករនិយោជិតប្រមាណ ៥០០នាក់ ឯកឧត្តម អ៊ុំ រាត្រី បានរំលេចថា ប្រធានបទឆ្នាំនេះមិនមែនត្រឹមតែជាពាក្យស្លោកនោះទេ ប៉ុន្តែជាទិសដៅយុទ្ធសាស្ត្រដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមបានលើកឡើងថា"ការកសាងភាពធន់នៅក្នុងវិស័យការងារ គឺជាការធានាថា បងប្អូនកម្មករនិយោជិតទទួលបាននូវកិច្ចគាំពារសង្គម សុវត្ថិភាពកន្លែងការងារ និងប្រាក់ចំណូលដែលមានស្ថិរភាព ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នេះគឺជាមូលដ្ឋានគ្រឹះនៃយុត្តិធម៌សង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តរបស់យើង។"
ឯកឧត្តមអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់និយោជក និងម្ចាស់សហគ្រាសក្នុងខេត្តបន្ទាយមានជ័យ ដែលបានសហការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល ក្នុងការគោរពច្បាប់ស្តីពីការងារ និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាស បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារដោយសន្តិវិធី និងយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាពការងារ។
បងប្អូននិយោជិតបន្តពង្រឹងសមត្ថភាព ជំនាញ និងវិជ្ជាជីវៈ ដើម្បីដើរឲ្យទាន់បច្ចេកវិទ្យាទំនើប ដែលជាផ្នែកមួយនៃការកសាងភាពធន់ខ្លួនឯង។អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បន្តកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងកិច្ចការពារសិទ្ធិការងារ។
ពិធីអបអរសាទរនេះ មិនត្រឹមតែជាការរំលឹកពីប្រវត្តិសាស្ត្រនៃចលនាកម្មករប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាមួយដែលបង្ហាញពីភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៅក្នុងខេត្តជាប់ព្រំដែនមួយនេះ។ វត្តមានរបស់តំណាងក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានា បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាយមានជ័យកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដែលផ្ដល់ឱកាសការងារយ៉ាងទូលំទូលាយ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងបានជូនពរឲ្យស្មារតីនៃថ្ងៃទី១ ឧសភា ក្លាយជាកម្លាំងចលករនាំមកនូវសុភមង្គល និងការរីកចម្រើនជានិរន្តរ៍សម្រាប់គ្រប់ក្រុមគ្រួសារកម្មករនិយោជិតទាំងអស់៕
ដោយ ឈុន សារ៉ាត





