កោះរ៉ុងរបស់កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមឆ្នេរល្អបំផុតទាំង៥០ របស់ពិភពលោកក្នុងឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ -- កោះរ៉ុង ដែលជាគោលដៅទេសចរណ៍កោះលំដាប់កំពូលមួយរបស់កម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមឆ្នេរល្អបំផុតទាំង៥០ របស់ពិភពលោកសម្រាប់ឆ្នាំ២០២៦។ នេះបើយោងតាមបញ្ជីសកលលោកចុងក្រោយបង្អស់។
ឆ្នេរកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់លេខ៩ នៅក្នុងបញ្ជី នាំមុខឆ្នេរ Donald Duck របស់ប្រទេសថៃ និងនៅពីក្រោយឆ្នេរ Dhigurah របស់ម៉ាល់ឌីវ និងឆ្នេរ Playa Balandra របស់ម៉ិកស៊ិក។
យោងតាមបញ្ជីឆ្នេរល្អបំផុតទាំង៥០ របស់ពិភពលោក ឆ្នេរកោះរ៉ុង ដែលមានទីតាំងនៅក្រៅដីគោករបស់កម្ពុជា មានភាពល្បីល្បាញដោយសារខ្សាច់ពណ៌សវែង និងទឹករាក់ថ្លា។ ការអភិវឌ្ឍមានកម្រិតរបស់វាជួយរក្សាបរិយាកាសស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍ជាមួយនឹងតំបន់ខ្សាច់ធំទូលាយ និងផ្នែកដែលហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងត្រូពិចខៀវស្រងាត់។
ទំហំឆ្នេរ ទឹកស្អាត និងបរិយាកាសមិនសូវមានមនុស្សច្រើន ធ្វើឱ្យវាលេចធ្លោជាងគោលដៅទេសចរណ៍ដ៏មមាញឹកផ្សេងៗទៀតនៅក្នុងតំបន់។
ឆ្នេរ Entalula ក្នុងប្រទេសហ្វីលីពីនឈរនៅលំដាប់កំពូលនៃបញ្ជីឆ្នាំ២០២៦ បន្ទាប់មក គឺឆ្នេរ Fteri ក្នុងប្រទេសក្រិក និងឆ្នេរ Wharton ក្នុងប្រទេសអូស្ត្រាលី។ ឆ្នេរ Nosy Iranja ក្នុងប្រទេសម៉ាដាហ្គាស្ការ ឆ្នេរ East នៅលើកោះ Vomo ក្នុងប្រទេសហ្វីជី និងឆ្នេរ Shoal Bay East ក្នុងប្រទេសអង់ហ្គីឡា ជាប់ចំណាត់ថ្នាក់ទីបួន ទីប្រាំ និងទីប្រាំមួយរៀងៗខ្លួន៕

ដោយ៖ យា ចិន្តាខន្តី





