ឥណ្ឌូណេស៊ីព្រមានពីហានិភ័យសុខភាពធ្ងន់ធ្ងរដោយសារបាតុភូតអ៊ែលនីណូ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសុខភាពរដ្ឋធានីហ្សាកាតាបានព្រមានប្រជាពលរដ្ឋអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃបាតុភូតអ៊ែលនីណូខ្លាំងទៅលើសុខភាពសាធារណៈ ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះដូចជាកុមារ និងមនុស្សចាស់។
យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ បានឱ្យដឹងថា បាតុភូតអ៊ែលនីណូខ្លាំងនាំឱ្យមានសីតុណ្ហភាពខ្ពស់ ដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ខ្សោះជាតិទឹក និងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនៃជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើមរ៉ាំរ៉ៃ។ លោកស្រី អានី រូស្ពីតាវ៉ាទី (Ani Ruspitawati) ប្រធានទីភ្នាក់ងារបាននិយាយថា គុណភាពខ្យល់កាន់តែយ៉ាប់យ៉ឺន រួមទាំងកម្រិតកើនឡើងនៃការពុលក្នុងខ្យល់ភាគល្អិត ដែលត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការកើនឡើងនៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ (ISPA)។
លើសពីនេះទៀត គ្រោះរាំងស្ងួតយូរបង្កហានិភ័យខ្ពស់នៃការបំពុលខ្យល់កាន់តែអាក្រក់ ដែលអាចនាំឱ្យមានជំងឺហឺត និងជំងឺផ្លូវដង្ហើមផ្សេងទៀត។ សីតុណ្ហភាពខ្ពស់រួមផ្សំជាមួយនឹងសំណើមទាបក៏អាចបណ្តាលឱ្យស្បែកស្ងួត និងរលាកផងដែរ។
ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ រដ្ឋបាលរដ្ឋធានីហ្សាកាតាបានណែនាំប្រជាពលរដ្ឋឱ្យរក្សាជាតិទឹក ពាក់ម៉ាស់ការពារនៅពេលចេញទៅខាងក្រៅ ដើម្បីកាត់បន្ថយការប៉ះពាល់នឹងការបំពុលខ្យល់ និងកំណត់សកម្មភាពក្រៅផ្ទះក្នុងអំឡុងពេលមានពន្លឺថ្ងៃខ្លាំងចាប់ពីម៉ោង ១១:០០នាទីព្រឹកដល់ម៉ោង ៣:០០នាទីរសៀល។ ប្រជាជនក៏ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់វិធានការការពារកម្តៅថ្ងៃ ដូចជាប្រើឆ័ត្រការពារ និងពាក់មួក លាបឡេការពារកម្តៅថ្ងៃដែលមាន SPF ខ្ពស់ ដើម្បីការពារស្បែករបស់ពួកគេពីកាំរស្មីយូវី (UV) និងតាមដានជាប្រចាំនូវព័ត៌មានថ្មីៗអំពីអាកាសធាតុ និងការព្រមានដំបូងពីទីភ្នាក់ងារឧតុនិយម អាកាសធាតុនិងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី (BMKG)។
បាតុភូតអ៊ែលនីណូសំដៅទៅលើការឡើងកំដៅជាប្រចាំនៃសីតុណ្ហភាពផ្ទៃទឹកសមុទ្រនៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើតដែលជារឿយៗនាំមកនូវស្ថានភាពក្តៅ និងស្ងួតជាងមុននៅក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងរដូវប្រាំង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





