ប្រធានាធិបតីប៊ុលហ្គារី និងនាយករដ្ឋមន្ត្រីអាមេនី ចុះហត្ថលេខាលើសេចក្តីប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីប៊ុលហ្គារីលោកស្រី អ៊ីលីយ៉ាណា អ៊ីអូតូវ៉ា (Iliana Iotova) និងនាយករដ្ឋមន្ត្រីអាមេនីលោក នីកុល ប៉ាស្ស៊ីនីយ៉ាន់ (Nikol Pashinyan) បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ នៅទីក្រុងយ៉េរ៉េវ៉ាន់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់លេខាធិការដ្ឋានសារព័ត៌មានរបស់ប្រធានាធិបតី។ ភាគីទាំងពីរបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីនៅប៊ុលហ្គារីនឹងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែសកម្ម។
លោកស្រី អ៊ីអូតូវ៉ា និងលោក ប៉ាស្ស៊ីនីយ៉ាន់ បានគូសបញ្ជាក់ពីកម្រិតខ្ពស់នៃកិច្ចសន្ទនានយោបាយរវាងប៊ុលហ្គារី និងអាមេនី។ អ្នកទាំងពីរបានទទូចថា មានសក្តានុពលសំខាន់ៗដែលមិនទាន់បានប្រើប្រាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនៅក្នុងវិស័យមួយចំនួន។ ពួកគេបានសង្កត់ធ្ងន់ទៅលើការពង្រឹងចំណងទាក់ទងក្នុងវិស័យសេដ្ឋកិច្ច ថាមពល សន្តិសុខ និងការពារជាតិ។
កិច្ចប្រជុំនេះបានគូសបញ្ជាក់ពីទំនាក់ទំនងល្អជាប្រពៃណីរវាងប្រជាជនប៊ុលហ្គារី និងអាមេនី។ លោក ប៉ាស្ស៊ីនីយ៉ាន់ បានថ្លែងអំណរគុណដល់លោកស្រី អ៊ីអូតូវ៉ា ចំពោះលក្ខខណ្ឌដែលរដ្ឋប៊ុលហ្គារីផ្តល់ដល់សហគមន៍អាមេនីដើម្បីថែរក្សា និងអភិវឌ្ឍន៍អត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។
លោកស្រី អ៊ីអូតូវ៉ា បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសប៊ុលហ្គារីក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុបអស់រយៈពេល ១៩ឆ្នាំ ដើម្បីជួយប្រទេសអាមេនីជាមួយនឹងបទពិសោធន៍របស់ខ្លួននៅលើផ្លូវឆ្ពោះទៅរកការធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប។
ជម្លោះយោធានៅអ៊ុយក្រែន និងអ៊ីរ៉ង់ និងផលវិបាករបស់វានៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ក៏ជាប្រធានបទនៃកិច្ចពិភាក្សានោះផងដែរ។
ប្រមុខរដ្ឋកំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីរបស់ប្រទេសអាមេនី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបលើកទី៨ នៅថ្ងៃចន្ទនេះ។ វេទិកានេះនឹងប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាលជិត ៥០រូប ក្រោមបាវចនា «កសាងអនាគត៖ ឯកភាព និងស្ថិរភាពនៅអឺរ៉ុប»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





