អាស៊ាន-ចិនបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ -- អាស៊ាន និងប្រទេសចិន បានចាប់ផ្តើមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នា ដែលមានគោលបំណងពង្រឹងការសម្របសម្រួលក្នុងតំបន់ក្នុងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។
ពិធីបើកសម្ពោធគម្រោងនេះបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅទីស្នាក់ការកណ្តាលលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាកាតា។ ព្រឹត្តិការណ៍នេះមានការចូលរួមពីលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានលោក វ៉ាង ឈីង ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន មន្ត្រីមកពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន និងតំណាងអចិន្ត្រៃយ៍នៃរដ្ឋសមាជិកអាស៊ាន។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក កៅ គឹមហួន បាននិយាយថា គំនិតផ្តួចផ្តើមនេះ គឺជា «ជំពូកថ្មី» ក្នុងភាពជាដៃគូអាស៊ាន-ចិន ដែលមានមូលដ្ឋានលើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបានកត់សម្គាល់ថា ភាគីទាំងពីរបានកសាងទំនាក់ទំនងដ៏ស្វាហាប់ និងរឹងមាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំពោះភាគីចិនវិញ លោកឯកអគ្គរដ្ឋទូត វ៉ាង ឈីង បានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន ដោយលោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗបានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរបស់ពួកគេ។ លោកបានបន្ថែមថា ប្រទេសចិនបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ម្តងហើយម្តងទៀតដល់ប្រទេសអាស៊ានដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ ដែលឆ្លុះបញ្ចាំងពីស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសជិតខាង។
គម្រោងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ចិន ត្រូវបានរចនាឡើងដើម្បីបង្កើនការសម្របសម្រួលក្នុងតំបន់ក្នុងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ តាមរយៈការកសាងសមត្ថភាព ការគាំទ្របច្ចេកវិទ្យា និងឧបករណ៍សម្រាប់ការវាយតម្លៃការបញ្ជា និងគ្រាអាសន្ន ការចែករំលែកបទពិសោធន៍ក្នុងការព្រមាន និងការឆ្លើយតបជាមុន ក៏ដូចជាការលើកកម្ពស់ការតភ្ជាប់បច្ចេកវិទ្យា ការបំពេញបន្ថែមធនធាន និងការរៀនសូត្រគ្នាទៅវិញទៅមក។
គម្រោងនេះកំពុងត្រូវបានអនុវត្ត ខណៈដែលឆ្នាំ២០២៦ នេះ គឺជាខួបលើកទីប្រាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





