ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារីចំពោះការយកចិត្តទុកដាក់លើស្រ្តីជាមន្ត្រីចូលនិវត្តន៍
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើមរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ផ្សារភ្ជាប់មនោសញ្ចេតនា ស្រឡាញ់រាប់អាន និងនឹករលឹក សួរសុខទុក្ខដល់ស្រ្តីជាមន្រ្តីចូលនិវត្តន៍ បើទោះបីជាលោកជំទាវ លោកស្រីទាំងអស់បានចូលនិវត្តន៍ហើយក៏ដោយ។

ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនជាស្ដ្រីរបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា ពិធីសំណេះសំណាលនេះមានសារៈសំខាន់សម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះនិវត្តន៍ជនដែលជាស្ត្រី បើទោះបីជាលោកជំទាវ លោកស្រីចូលនិវត្តន៍ក៏ដោយ ក៏ក្រសួងនៅតែផ្តល់តម្លៃ ព្រោះនិវត្តន៍ជនដែលជាស្ដ្រីទាំងអស់ជាឃ្លាំងចំណេះដឹង និងបទពិសោធ ជួយត្រួសត្រាយផ្លូវសម្រាប់មន្ត្រីជំនាន់ក្រោយ។

នាពិធីនោះ លោកជំទាវ ជូ ប៊ុនអេង ប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ត្រូវបានបង្កើតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយបានប្ដូរឈ្មោះ ៤ដងតាមការវិវត្តន៍សង្គម តាំងពីសមាគមនារីសង្គ្រោះជាតិ សមាគមនារីបដិវត្តន៍កម្ពុជា សមាគមនារីកម្ពុជា និងពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន ជាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ សមាគមមានសាខាទូទាំងក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាញដល់មូលដ្ឋាន និងវិស័យឯកជន។ លោកជំទាវ ប្រធានប្រតិបត្តិ បន្ថែមទៀតថា សមាគមនារី គឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីចូលរួមគាំទ្រគោលនយោបាយជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានប្រកាសជាផ្លូវការ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីរួមគ្នាជាមួយអង្គការយុវជន សហជីព និងរណសិរ្សរួបរួមជាតិ រំដោះប្រទេសជាតិមាតុភូមិ និងប្រជាជនពីរបបប្រល័យពូជសាសន៍។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ចរិតលក្ខណៈរបស់សមាគមនារី គឺផ្តោតលើសាមគ្គីភាព ឯកភាពផ្ទៃក្នុងមិនក្រអឺតក្រទម មិនរើសអើង ទន់ភ្លន់តែម៉ឺងម៉ាត់ ឈរលើអំពើល្អ ចេះជួយទុក្ខធុរៈគ្នា គាំទ្រគ្នា មិនអត្មានិយម មិនឆ្កឹះឆ្កៀល ញុះញង់ បំបែកបំបាក់សាមគ្គីភាព ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះធ្វើឱ្យសមាគមនារីនៅតែមានភាពរឹងមាំ និងស្វាហាប់ ឆ្ពោះទៅមុខ និងរីកចម្រើនឥតឈប់ឈរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





