ហ្វីលីពីនប្តេជ្ញាចិត្តដឹកនាំការសម្របស ម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានពិនិត្យស្ថានការ ណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១ ឧសភា ឆ្នាំ២០២៦ -- ប្រទេសហ្វីលីពីនបានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតួនាទីជាអ្នកដឹកនាំការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានពិនិត្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណាបានលើកឡើងក្នុង សន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ទន្ទឹមនឹងនោះ ហ្វីលីពីនក៏បានអះអាងអំពីការផ្តល់កិច្ចសម្របសម្រួលក្នុងនាមជាប្រធានអាស៊ាន ដើម្បីផ្តល់ជាវេទិកាស្ថាបនាសម្រាប់ប្រទេសសមាជិកអាស៊ានក្នុងការស្វែងរកដំណោះស្រាយមួយយូរអង្វែង និងប្រកបដោយសន្តិវិធីសម្រាប់បញ្ហាដែលកំពុងកើតមានឡើង។
អ្នកនាំពាក្យបានលើកឡើងថាការគូសបញ្ជាក់បែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកជំទាវ Maria Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការសម្របសម្រួលដល់ការសន្ទនាក្នុងចំណោមប្រទេសសមាជិកអាស៊ានដើម្បីស្វែងរកដំណោះស្រាយ និងសន្តិភាពយូរអង្វែងក្នុងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ។
រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងឯកភាព មជ្ឈភាពរបស់អាស៊ាន និងការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងបានបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធ និងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តចូលរួមគាំទ្រដល់បុព្វហេតុសន្តិភាព និងសន្តិសុខក្នុងតំបន់។
អ្នកនាំពាក្យបានលើកឡើងទៀតថា កម្ពុជាបញ្ជាក់ប្រាប់ភាគីថៃថា បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ដោយកន្លែងខ្លះបិទខ្ទប់ដោយទូរកុងតឺន័រ នៅផ្នែកខ្លះនៃភូមិមួយចំនួន មិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាយើងត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដែលផ្ទុយនឹងអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានា នៅគ្រប់វេទិកាអន្តរជាតិដែលតំណាងកម្ពុជាបានចូលរួម។
ឯកឧត្តមថាកន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ និងរក្សាបទឈប់បាញ់ ដើម្បីបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។ ប៉ុន្តែ កម្ពុជាត្រូវតែនិយាយ ត្រូវតែលើកបញ្ហាទាំងអស់នេះ ពីព្រោះវាពាក់ព័ន្ធដល់អធិបតេយ្យជាតិ បូរណ ភាពទឹកដីរបស់កម្ពុជា និងដី ឬផ្ទះស ម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ បើចង់ឱ្យកម្ពុជាឈប់លើកអំពីបញ្ហាទាំងអស់នេះ យោធាថៃត្រូវឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើកម្ពុជាតទៅទៀតគឺជាការស្រេច។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រាប់ទៅសមភាគីថៃ នៅក្នុងជំនួបពិភាក្សាគ្នាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋធានីបានដា ស៊េរីបេហ្គាវ៉ាន់ នៃប្រទេសប្រ៊ុយណេដារុយសាឡាម។ ការបញ្ជាក់បែបនេះរបស់ប្រមុខការទូតកម្ពុជាបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃបានចាត់ទុកការលើកឡើងរបស់កម្ពុជាអំពីបញ្ហាព្រំដែននៅតាមវេទិកាពិភាក្សាថ្នាក់តំបន់ និងអន្តរជាតិ ថាជាសុន្ទរកថា ដែលមិនអំណោយផលដល់បទឈប់បាញ់។
ជាមួយគ្នានេះឯកឧត្តមអ្នកនាំពាក្យថាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជានិងថៃ ក្នុងការអនុវត្តដោយសុចរិតភាពនូវក្របខ័ណ្ឌមួយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។
ដូច្នេះ វាជារឿងគួរឱ្យសោកស្តាយបំផុតប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី MoU-2001 ដែលជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលគាំទ្រការរៀបចំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារនិងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈនិងភាពស្មោះត្រង់ដែលបាននាំឱ្យអនុស្សរណៈនៃការយោ គយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។ កម្ពុជានឹងបង្ហាញជំហរផ្លូវការបន្ថែមទៀតនៅពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ត រជាតិនៃព្រះរាជាណាចក្រកម្ពុជា៕ ប៊ុនរិទ្ធ





