រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យវិសាខបូជាយ៉ាងអធិកអធម ដើម្បីរំលឹកដល់សក្ការបូជាដ៏ខ្ពង់ខ្ពស់ក្នុងព្រះពុទ្ធសាសនា
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ -- ក្នុងស្មារតីលើកកម្ពស់តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ព្រះសម្មាសម្ពុទ្ធ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបុណ្យវិសាខបូជាយ៉ាងមហោឡារិក នៅវត្តទក្ខិណគង្គារាម (វត្តអញ្ចាញ) ស្ថិតក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី។ ពិធីដ៏សក្ការៈនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ពិធីបុណ្យវិសាខបូជា គឺជាបុណ្យដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដែលរដ្ឋបាលខេត្តតែងតែសហការជាមួយសាលាគណប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខកខាន។

លោកអភិបាលរងបានគូសបញ្ជាក់ថា "ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលតែងតែជំរុញឱ្យមានការគោរពប្រតិបត្តិ និងសុខដុមនីយកម្មសាសនា។ ការចុះសម្រុងគ្នារវាងអាណាចក្រ និងពុទ្ធចក្រ គឺជាសសរស្តម្ភដ៏រឹងមាំក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន"។

ពិធីបុណ្យនាព្រឹកនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមដោយមានការដង្ហែក្បួន និងការរាប់បាត្រប្រគេនព្រះសង្ឃជាច្រើនអង្គ ដើម្បីឧទ្ទិសមហាភព្វកុសល។ គួររំលឹកផងដែរថា វិសាខបូជា គឺជាការរំលឹកដល់ព្រឹត្តិការណ៍អស្ចារ្យទាំង៣ នៃអង្គព្រះសម្មាសម្ពុទ្ធ រួមមាន ការប្រសូត ការត្រាស់ដឹង និងការរលត់ខន្ធចូលបរិនិព្វាន ដែលព្រឹត្តិការណ៍ទាំងនេះសុទ្ធតែសាយភាយចំថ្ងៃ ១៥កើត ខែពិសាខ ដូចគ្នា។

ដោយសារអត្ថន័យនៃការអប់រំសន្តិភាព និងមេត្តាធម៌ដ៏ជ្រាលជ្រៅ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «ពិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកផងដែរ។

ការរៀបចំពិធីនៅវត្តទក្ខិណគង្គារាមនាពេលនេះ មិនត្រឹមតែជាការបំពេញកិច្ចតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីភាពនៃអ្នកស្រុកបន្ទាយមានជ័យ ក្នុងការថែរក្សាការពារសាសនាព្រះពុទ្ធឱ្យស្ថិតស្ថេរចិរកាលតទៅមុខទៀត៕

ដោយ៖ ឈុន សារ៉ាត





