រដ្ឋបាលខេត្តកណ្តាលប្រជុំផ្សព្វផ្សាយស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៧-២០២៩
AKP កណ្តាល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល ។

មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំ លោកប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលបានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះគឺជាឧបករណ៍ដ៏មានសារៈសំខាន់បំផុតសម្រាប់រដ្ឋបាលខេត្ត ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺមានសារៈសំខាន់បំផុតសម្រាប់រដ្ឋបាលខេត្ត ក្នុងការតម្រង់ទិសការអភិវឌ្ឍន៍។ គ្រប់អង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ជាពិសេសគម្រោងដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាជន។រដ្ឋបាលខេត្ត នឹងបន្តខិតខំប្រឹងប្រែងរៀបចំផែនការនេះឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព ដើម្បីបម្រើផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ឆ្ពោះទៅកាន់ឆ្នាំ២០២៧-២០២៩។

លោក មីន ឈុន ប្រធានមន្ទីរផែនការខេត្ត បានឡើងធ្វើបទបង្ហាញយ៉ាងលម្អិតអំពីសេចក្តីណែនាំបច្ចេកទេស និងប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)។ មន្ទីរផែនការ ក្នុងនាមជាលេខាធិការដ្ឋានបច្ចេកទេស មានភារកិច្ចស្នូលក្នុងការផ្តល់ការបណ្តុះបណ្តាល និងណែនាំដល់មន្ទីរ-អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីរបៀបបំពេញទម្រង់គម្រោង និងការវាយតម្លៃសូចនាករ ប្រមូលរាល់សំណើរគម្រោងពីគ្រប់វិស័យ ដើម្បីធ្វើការបូកសរុប ពិនិត្យភាពសមស្រប និងបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរួមរបស់ខេត្ត។ពិនិត្យមើលថាតើគម្រោងនីមួយៗស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខេត្តដែរឬទេ?។

សូមបញ្ជាក់ផងដែរថា គោលបំណងសំខាន់នៃកិច្ចប្រជុំគឺការកំណត់ទិសដៅអភិវឌ្ឍន៍ចំនួនបីគឺ ទី១ ផ្សព្វផ្សាយអំពីនីតិវិធី និងប្រតិទិនការងារក្នុងការរៀបចំកម្មវិធីវិនិយោគឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ទី២ ការពង្រឹងគណនេយ្យភាព បង្កើនកិច្ចសហការរវាងមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ក្នុងការរៀបចំគម្រោងអាទិភាពដែលមានលក្ខណៈបច្ចេកទេស និងមានតម្លាភាព និងទី៣ ការកៀរគរធនធាន រៀបចំផែនការប្រើប្រាស់កញ្ចប់ថវិកា និងធនធានឱ្យចំគោលដៅ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គមនៅក្នុងខេត្ត ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





