មូលនិធិបង្ការ និងព្យាបាលការញៀនល្បែងស៊ីសងត្រូវបានបង្កើតឡើង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ -- មូលនិធិមួយសម្រាប់ការបង្ការនិងព្យាបាលការញៀនល្បែងស៊ីសងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសប៊ុលហ្គារី។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលបណ្តោះអាសន្ន លោក មីឈែល អូកូលីស្គី (MichailOkoliyski) ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោកអេនដ្រេយ ហ្គូរ៉ូវ (Andrey Gurov) និងអត្តពលិកជិះស្គីលើទឹកកក កីឡាករ ធើវែល ហ្សាំហ្រ្វីរ៉ូវ (Tervel Zamfirov) និងកីឡាការិនី ម៉ាឡេណា ហ្សាហ្រ្វីរ៉ូវ៉ា (Malena Zamfirova)។
លោក អូកូលីស្គី បានថ្លែងថា អាទិភាពចម្បងមួយនៅពេលចូលកាន់តំណែងនៅក្រសួងសុខាភិបាល គឺការកំណត់វិធីមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការញៀនល្បែងស៊ីសង ដោយលោកបានកត់សម្គាល់ថាវាបានដកហូតឱកាសគ្រួសារប៊ុលហ្គារីរាប់ម៉ឺនគ្រួសារសម្រាប់ការអប់រំការថែទាំសុខភាព និងវិបុលភាព។ លោកបានពន្យល់ថា ការបង្កើតមូលនិធិនេះក៏ណែនាំនូវនីតិវិធីដាក់ពាក្យផងដែរ ហើយស្ថាប័នផ្សេងៗរួមទាំងអធិការកិច្ចសុខភាពតំបន់ មន្ទីរពេទ្យ និងស្ថាប័នផ្សេងៗទៀតនឹងអាចដាក់ពាក្យស្នើសុំមូលនិធិសម្រាប់គំនិតផ្តួចផ្តើមដោះស្រាយការញៀនល្បែងស៊ីសងក្នុងពេលឆាប់ៗនេះ។
លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលបានតាមដានយ៉ាងដិតដល់នូវការជាសះស្បើយរបស់កីឡាការិនី ម៉ាឡេណា ហ្សាំហ្វ្រីរ៉ូវ៉ាបន្ទាប់ពីគ្រោះថ្នាក់ដែលនាងបានជួបប្រទះ។ អត្តពលិកទាំងពីរនាក់ត្រូវបានអញ្ជើញឱ្យក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អសុខភាពសាធារណៈ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការញៀនល្បែងស៊ីសង ដោយមានការគាំទ្រពីឪពុករបស់ពួកគេ គឺលោក អាណាតូលី ហ្សាំហ្រ្វីរ៉ូវ (Anatoliy Zamfirov)។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលនាពេលអនាគតនឹងបន្តគោលនយោបាយនេះ ដើម្បីលើកកម្ពស់ផលប្រយោជន៍របស់ប្រជាពលរដ្ឋប៊ុលហ្គារីក្នុងវិស័យសុខភាពសាធារណៈហើយសង្គមនឹងសម្រេចបាននូវការយល់ដឹងកាន់តែច្រើនអំពីហានិភ័យដែលទាក់ទងនឹងល្បែងស៊ីសងក្នុងពេលឆាប់ៗនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





