សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលរងគ្រោះដោយរន្ទះបាញ់នៅស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដឹកនាំដោយឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អមដំណើរដោយមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុកមន្ត្រីក្រុមប្រតិបត្តិសាខានាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខដល់គ្រួសារសពឈ្មោះ ហ៊ុយ គ្រឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានមរណភាពដោយរន្ទះបាញ់។

ក្នុងឱកាសនោះឯកឧត្តម ជា វ៉ាន់ចាន់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនូវការចូលរួមសោកស្ដាយជាទីបំផុត ជាមួយគ្រួសាររងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារ ដែលត្រូវជាស្វាមី ជាទីស្រឡាញ់របស់គ្រួសារ។ សូមតាំងចិត្តឱ្យបានរឹងមាំបន្តការប្រកបរបរចិញ្ចឹមជីវិតទៅមុខទៀត និងសូមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ(ផឹកស្អាត ហូបស្អាត រស់នៅស្អាត)។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនគ្រួសារសពរួមមាន៖ អង្ករ៥០គីឡូក្រាម, មី១កេស,ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរនិងថវិការចំនួន៤០ម៉ឺនរៀល៕

ដោយ ស៊ុម វណ្ណា





