ឯកឧត្តម សុខ លូ ជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ស្តីពីស្ថានភាពព្រំដែន ការងារបង្រ្កាបបទល្មើស Online Scams និងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ
AKP បាត់ដំបង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ភាគីទាំងពីរបានពិភាក្សាលើការងារសំខាន់ៗមួយចំនួនរួមមាន៖ ស្ថានភាពព្រំដែន ការងារបង្រ្កាបបទល្មើសស្គែមអនឡាញ និងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េជាដើម។

ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ ឯកឧត្តម សុខ លូ បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូតពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ដ៏សំបូរបែបនៃខេត្តបាត់ដំបង។ ឯកឧត្តម បានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកៃច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។ ឯកឧត្តម អភិបាលខេត្តបានស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េឱ្យមកបណ្ដាក់ទុនរកស៊ី និងមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានជួយដល់ប្រទេសកម្ពុជាលើវិស័យជាច្រើន ជាពិសេសបានជួយដល់ខេត្តបាត់ដំបងលើវិស័យសុខាភិបាល ប្រព័ន្ធធារាសាស្រ្ត និងការដោះមីនជាដើម។

ជាការឆ្លើយតប ឯកឧត្តម គីម ឆាងយ៉ុង បានមើលឃើញពីសក្ដានុពលជាច្រើនរបស់ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបងដែលជាទីក្រុងពោរពេញទៅដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញខ្ពស់លើវិស័យទេសចរណ៍។ ក្នុងន័យនេះ ឯកឧត្តមនឹងជួយផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តបាត់ដំបងទៅកាន់អ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េ។ ឯកអគ្គរដ្ឋទូតបានបង្ហាញនូវការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ដែលកំពុងអនុវត្តទទួលបានជោគជ័យ និងបានធ្វើការបង្ក្រាបលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់ ខណៈកម្ពុជា និងកូរ៉េខាងត្បូងបានបង្កើតក្រុមការងារចម្រុះមួយដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាន និងកំពុងប្រតិបត្តិការយ៉ាងជោគជ័យជាទីបំផុត។

ឯកឧត្តម បានមើលឃើញយ៉ាងច្បាស់ពីផលប៉ះពាល់ដែលប្រទេស និងប្រជាជនកម្ពុជាបានជួបប្រទះដោយសារបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ ហើយភាគីកូរ៉េ បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនិងខិតខំជួយដល់ប្រជាជនកម្ពុជា។ ក្នុងនាមស្ថានទូតកូរ៉េ ឯកឧត្តម បានបង្ហាញការប្ដេជ្ញាចិត្តជួយបណ្ដុះបណ្ដាលផ្នែកការងារដល់យុវជនកម្ពុជា និងផ្ដល់ឱកាសជាពលករជំនាញដល់ពលករកម្ពុជា។
ភាគីទាំងពីរបានពិភាក្សាពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង ជាមួយបណ្ដាក្រុង និងខេត្តនានារបស់កូរ៉េផងដែរ ដើម្បីរឹតចំណងមេត្រីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនភាពស្និទស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





