រដ្ឋបាលរាជធានីភ្នំពេញទទួលបានចំណេះដឹង និងបទពិសោធន៍ពីប្រទេសជប៉ុន ដើម្បីបន្តធ្វើការអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់តែមានចីរភាពបន្តទៀត
AKP ភ្នំពេញ ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៦ --
រដ្ឋបាលរាជធានីភ្នំពេញទទួលបានចំណេះដឹង និងបទ ពិសោធន៍ជាច្រើនពីប្រទេសជប៉ុន ដើម្បីយកមកបន្តធ្វើការអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់តែមានចីរភាពល្អឡើងបន្តទៀត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដើម្បីពិភាក្សាលើសេចក្តីថ្លែងការណ៍រួម ស្តីពីប្រធានបទអនាគតនៃនគរូបនីយកម្ម ដោយផ្អែកលើភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ ដែលកម្មវិធីនេះដឹកនាំកិច្ចពិភាក្សាដោយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនេះតម្រូវឱ្យអភិបាលក្រុង ឬតំណាងទីក្រុង ដែលបានចូលរួម ត្រូវធ្វើការចែករំលែកបទពិសោធន៍អំពីស្ថានភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដោះស្រាយគ្រោះមហន្តរាយរបស់ទីក្រុងខ្លួន និងចំណាប់អារម្មណ៍ទាក់ទងនឹងការរៀបចំវេទិកាកិច្ចប្រជុំកំពូល G-NETS នាពេលនេះ។ សម្រាប់រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងតូក្យូ ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំនៃបណ្តាទីក្រុងនានានៅលើសកលលោកបានជួបពិភាក្សាគ្នា ចែករំលែកនូវបទពិសោធន៍ និងស្វែងររដំណោះស្រាយរួម ដើម្បីអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព និងមានភាពធន់ ជាពិសេសអាចទប់ទល់ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ទៅនឹងវិបត្តិជាសកល ដែលបង្កឡើងដោយគ្រោះធម្មជាតិ និងការបម្រែបម្រួល អាកាសធាតុ។ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រើប្រាស់នូវចំណេះដឹង និងបទពិសោធន៍ដែលទទួលបាននាពេលនេះ ដើម្បីបន្តធ្វើការអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់តែមានចីរភាពបន្តទៀត។

ជាមួយគ្នានេះ ក្នុងនាម ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានធ្វើបទបង្ហាញ ស្តីពីភាពធន់ និងការគ្រប់គ្រងគ្រោះមហន្ដរាយធម្មជាតិរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានចែករំលែកមេរៀន និងបទពិសោធន៍ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការធ្វើឱ្យប្រសើរ ឡើងនូវការអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់តែមានចីរភាពបន្តទៀត។
លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំអនុម័ត និងឯកភាពលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍រួម ស្តីពីអនាគតនៃនគរូបនីយកម្មថ្មី ដោយផ្អែកលើភាពធន់នឹង អាកាសធាតុ និងគ្រោះមហន្តរាយ ព្រមជាមួយនឹងការធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្ដីថ្លែងការណ៍រួមនេះផងដែរ៕
ដោយ៖ សួស សំរិត





