អង្គការ Nature Life លែងសត្វពង្រូលជិតផុតពូជទៅទីជម្រកធម្មជាតិវិញ
AKP ភ្នំពេញ ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៦ --
អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) បានសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី ព្រលែងសត្វពង្រូលមួយក្បាលចូលទៅក្នុងព្រៃដែលជាជម្រកធម្មជាតិឱ្យមានសេរីភាពវិញ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

សត្វពង្រូលនេះត្រូវបានប្រជាពលរដ្ឋ និងព្រះចៅអធិការវត្តញ៉ាងក្នុងខេត្តរតនគិរី ធ្វើការប្រគល់ជូនដល់មន្ទីរបរិស្ថានខេត្តរតនគិរី និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។ ក្រោយពិនិត្យឃើញថា សត្វពង្រូលនេះមិនមានរបួស និងមានសុខភាពល្អ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ អង្គការ និងមន្ទីរបរិស្ថានក៏បានសហការគ្នាធ្វើការព្រលែងនៅទីតាំងសមស្រប ដែលងាយក្នុងការស្វែងរកចំណី និងមានសុវត្ថិភាពនាដែនជម្រកសត្វព្រៃលំផាត់ ជាទីតាំងដែលយើងកំពុងអនុវត្តគម្រោងឥណទានកាបូនរេដបូក។

សត្វពង្រូល ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលជិតផុតពូជបំផុត (Critically Endangered) ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ កត្តាគំរាមកំហែងដល់សត្វពង្រូលមួយចំនួន មានដូចជា ការបាត់បង់ទីជម្រក ការបរបាញ់ ដាក់អន្ទាក់ និងការជួញដូរជាដើម។

អ្នកអាចចូលរួមទប់ស្កាត់ប្រឆាំងកុំឱ្យមានការផុតពូជនូវសត្វព្រៃគ្រប់ប្រភេទ តាមរយៈការមិនជួញដូរ មិនទទួលទានសាច់សត្វព្រៃ និងសហការណ៍រាយការណ៍ពីបទល្មើសសត្វព្រៃ ៕
ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ Nature Life)





