ឯកឧត្ដមទេសរដ្ឋមន្ត្រី អៀង មូលី ជំរុញការប្រើប្រាស់ស្រោមអនាម័យ ១០០% ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងខេត្តបន្ទាយមានជ័យ ដោយផ្តោតសំខាន់លើការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% ជាពិសេសក្នុងចំណោមក្រុមប្រជាជនគន្លឹះដែលប្រឈមមុខខ្ពស់។

កិច្ចប្រជុំដ៏មានសារៈសំខាន់នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

គួររំលឹកផងដែរថា កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះសំណេះសំណាលផ្ទាល់ជាមួយម្ចាស់អាជីវកម្ម និងបុគ្គលិកនៅតាមបណ្តាសណ្ឋាគារ KTV និងកន្លែងម៉ាស្សា កោសជប់ ក្នុងក្រុងសិរីសោភ័ណ។ សកម្មភាពនេះធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជំរុញការយល់ដឹងអំពីសុខភាពសាធារណៈ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានសង្កត់ធ្ងន់លើចំណុចគន្លឹះ ដើម្បីឈានទៅលុបបំបាត់ការចម្លងមេរោគអេដស៍ ការបង្ការជាចម្បង ការប្រើប្រាស់ស្រោមអនាម័យជាប់ជានិច្ច គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនពីការឆ្លង។ ការធ្វើតេស្តឈាម បើសង្ស័យថាមានការប្រឈម ត្រូវប្រញាប់ទៅធ្វើតេស្តឈាម ដើម្បីដឹងពីស្ថានភាពសុខភាពឱ្យបានច្បាស់លាស់។ការព្យាបាល និងការគាំពារប្រសិនបើលទ្ធផលវិជ្ជមាន អ្នកជំងឺនឹងទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ និងទទួលបានការគាំពារតាមរយៈប័ណ្ណមូលនិធិសមធម៌សុខាភិបាល (បណ្ណក្រីក្រ)។

ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៨នេះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាការជំរុញការប្រើប្រាស់ស្រោមអនាម័យ ១០០% នឹងត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅតាមទីតាំងកម្សាន្តនានាក្នុងខេត្ត។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ប័ណ្ណសរសើរដល់ម្ចាស់ទីតាំងអាជីវកម្មដែលបានសហការល្អ ព្រមទាំងបានចែកជូននូវសារាចរស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យ និងសម្ភារបង្ការមួយចំនួនទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា«ទីកន្លែងសេវាកម្សាន្តដែលមានរក្សាស្រោមអនាម័យ គឺជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងសហគមន៍»។
យុទ្ធនាការក្នុងខេត្តបន្ទាយមានជ័យនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិ ដែលកម្ពុជាបានដាក់ចេញដើម្បីឈានទៅបញ្ចប់បញ្ហាអេដស៍ឱ្យបាននិងឈានទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ ក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ ឈុន សារ៉ាត





