អភិបាលខេត្តបន្ទាយមានជ័យទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខតាមព្រំដែន និងការទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងវិនិយោគិន នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងស្ថានភាពព្រំដែន និងការបង្ក្រាបបទល្មើសបោកប្រាស់។

ក្នុងជំនួបពិភាក្សាដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ ភាគីទាំងពីរបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រធានបទក្ដៅៗ រួមមាន ការទប់ស្កាត់បទល្មើសបោកប្រាស់ (Scams)។
ឯកឧត្តម គីម ឆាងយ៉ុង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការបង្ក្រាបសំបុកបទល្មើសទាំងនេះនាពេលកន្លងមក និងស្នើឱ្យមានការរឹតបន្តឹងបន្ថែមទៀត ដើម្បីធានាថាខេត្តបន្ទាយមានជ័យ ជាតំបន់ដែលមានសុវត្ថិភាពសម្រាប់អ្នកទេសចរ និងធុរកិច្ចជនកូរ៉េ។

ឯកឧត្តម អ៊ុ រាត្រី បានជម្រាបជូនប្រតិភូអំពីស្ថានភាពទូទៅ និងការវិវត្តរីកចម្រើនក្នុងភូមិសាស្ត្រខេត្ត ។ ឯកឧត្តមអភិបាលបានបញ្ជាក់ថា រដ្ឋបាលខេត្តតែងតែចាត់ទុកការរក្សាសន្តិសុខតាមព្រំដែនជាអាទិភាពបំផុត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ឆ្លងដែនគ្រប់ប្រភេទ។

ឯកឧត្តមអភិបាលខេត្តក៏បានសម្តែងនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យផ្ទាល់។ តាមរយៈជំនួបនេះ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរព័ត៌មាន និងសហការគ្នាឱ្យកាន់តែស្អិតរមួត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ។

ជំនួបសម្តែងការគួរសមនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដែលជាសញ្ញាវិជ្ជមានក្នុងការបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេស និងការលើកកម្ពស់មុខមាត់ខេត្តបន្ទាយមានជ័យ លើឆាកអន្តរជាតិ ជាពិសេសក្នុងវិស័យសន្តិសុខ និងស្ថិរភាពសង្គម៕

ដោយ ឈុន សារ៉ាត





