គម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ នឹងអនុវត្តនៅតំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹង
AKP សៀមរាប ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី២នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហ-ប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ នៅរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក កាណាហ្កាវ៉ាក់ ម៉ាកូតុ នាយកជាន់ខ្ពស់ ក្រុមទី៣ នៃក្រុមអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាលចៃកា។

លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ លើកឡើងថា គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដំណាក់កាលទី១ បានអនុវត្តគម្រោងសាកល្បងចំនួន៨ ដែលគម្រោងមួយចំនួនកំពុងបន្តអនុវត្ត ចំណែកជំហានទី២ គឺការអនុវត្តវិធីសាស្រ្តផ្អែកលើតំបន់ (Area-Based Approach) ដែលហៅថា "យុទ្ធសាស្ត្រកំណើនទីក្រុងឆ្លាតវៃរំដួល" (Romduol Smart Growth Strategy)។ ដោយផ្តោតលើតំបន់ចំនួនពីរ គឺតំបន់ផ្លូវ Pub Street និងតំបន់មាត់ស្ទឹង ដើម្បីអនុវត្តគម្រោងសាកល្បង ដោយក្នុងតំបន់នីមួយៗ នឹងមានអនុវត្តសកម្មភាពចាំបាច់នានា ដើម្បីធ្វើឱ្យតំបន់ទាំងពីរនេះមានភាពទាក់ទាញ និងជាទីរីករាយសម្រាប់ការដើរកម្សាន្តនៃភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។

សកម្មភាពភាពដែលត្រូវអនុវត្តក្នុងតំបន់ទាំងពីរមានដូចជា៖ ការត្រួតពិនិត្យការចរាចរណ៍ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម វិធីសាស្ត្រធ្វើឱ្យតំបនដងស្ទឹងមានភាពបៃតង កម្មវិធីជំរុញការដើរកម្សាន្តក្នុងក្រុង ផ្ទាំងបង្ហាញឌីជីថល កម្មវិធីគ្រប់គ្រងអ្នកលក់ដូរតាមទីសាធារណៈ ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។

ឯកឧត្តម ប្រាក់ សោភ័ណ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស នៃការជួយរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃទាំងក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ពីសំណាក់ប្រទេសជប៉ុនតាមរយៈ JICAនេះ មិនត្រឹមតែរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ឱ្យសក្តិសមជា "ទីក្រុងឆ្លាតវៃអាស៊ាន" ក៏ដូចជា ចូលរួមលើកកម្ពស់នូវសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការជំរុញលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តសៀមរាបផងដែរ។

ឯកឧត្តមបង្ហាញការគាំទ្រយ៉ាងខ្លាំង និងសង្ឃឹមថា គម្រោងជំហានទី២នេះ នឹងកាត់បន្ថយអត្រាអ្នកស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងសៀមរាប ជាក់ជាមិនខាន។ព្រមជាមួយគ្នានេះ អាចប្រែក្លាយរដ្ឋបាលខេត្តសៀមរាប ជារដ្ឋបាលដែលជាទីតាំងចែករំលែកនូវបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការអនុវត្តគម្រោងទីក្រុងឆ្លាតវៃទៅកាន់បណ្តាខេត្ត រាជធានី របស់កម្ពុជា ក៏ដូចជាទៅកាន់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន៕
ដោយ ឃុត សៅ





