ប្រតិភូកម្ពុជាធ្វើកម្មសិក្សា និងការបណ្ដុះបណ្ដាលគ្រូផ្នែកអប់រំបច្ចេកទេស និងការឈ្វេងយល់ពីកម្មវិធីសិក្សាផ្សារភ្ជាប់នឹងការងារ (WBL) នៅប្រទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- ក្រោមក្របខណ្ឌគម្រោងសម្ពន្ធមេត្រីភាពបរិវត្តកម្មការអប់រំបច្ចេកទេសកម្ពុជា-សហភាពអឺរ៉ុប ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះកម្មសិក្សា និងចូលរួមការបណ្ដុះបណ្ដាលគ្រូផ្នែកអប់រំបច្ចេកទេស ព្រមទាំងឈ្វេងយល់ពីប្រព័ន្ធអប់រំបច្ចេកទេសនៅប្រទេសបារាំង។

កម្មសិក្សានេះបានផ្ដល់នូវទិដ្ឋភាពទូទៅនៃប្រព័ន្ធអប់រំរបស់ប្រទេសបារាំង រួមមាន៖ រចនាសម្ព័ន្ធស្ថាប័ន ប្រព័ន្ធគន្លងអប់រំ (ចំណេះទូទៅ បច្ចេកវិទ្យា និងវិជ្ជាជីវៈ) ការរៀបចំកម្មវិធីសិក្សា ប្រព័ន្ធវាយតម្លៃ ការអនុវត្តគរុកោសល្យបែបឌីជីថល និងនវានុវត្តន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងសាលារៀន និងវិស័យឧស្សាហកម្ម តាមរយៈការចុះទស្សនកិច្ចសិក្សា ការសង្កេតការណ៍ក្នុងថ្នាក់រៀន ការចូលរួមក្នុងមន្ទីរពិសោធន៍នវានុវត្តន៍ និងការផ្លាស់ប្ដូរបទពិសោធន៍វិជ្ជាជីវៈជាដើម។

សូមជម្រាបថា ទស្សនាទាន និងចំណេះដឹងថ្មីៗ ដែលទទួលបានពីកម្មសិក្សានេះ នឹងក្លាយជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់រួមចំណែកក្នុងកិច្ចដំណើរការកំណែទម្រង់អប់រំបច្ចេកទេសនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច និងសង្គមឌីជីថល៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





