អនុប្រធានអាជ្ញាធរទន្លេសាបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃការិយាល័យជលសាស្រ្តរបស់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំសម្របសម្រួលកិច្ចប្រជុំតាមរយៈ Zoom Meeting ជាមួយក្រុមការងារបច្ចេកទេសនៃការិយាល័យជលសាស្រ្ត (BoH, CWRC) ក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពីចម្ងាយ (Zoom Meeting) រវាងក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប និងក្រុមមន្រ្តីបច្ចេសទេសនៃការិយាល័យជលសាស្រ្ត (BoH, CWRC) ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងកកិច្ចប្រជុំនេះ បានពិភាក្សា ផ្តោតលើបញ្ហាសំខាន់ចំនួនពីរ ទី១ ជំរុញប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរទន្លេសាប និងភាគីចិន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយការិយាល័យជលសាស្រ្ត (BoH, CWRC) និង ទី២ ពិនិត្យលើការសិក្សាការតម្លើងស្ថានីយស្តីពី “គម្រោងតម្លើងស្ថានីយជលសាស្ត្រ-ទន្លេសាប ជ្រោយចង្វារ (HQS) ដែលនឹងពិនិត្យតាមដានរំហូរទឹកចេញ-ចូល តាមទន្លេសាប។

បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានចុះទៅពិនិត្យទីតាំងផ្ទាល់សម្រាប់ដំឡើងស្ថានីយ ដែលមានទីតាំងស្ថិតនៅតាមដងទន្លេសាប នៅតំបន់ជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ OCIC ភូមិសាស្រ្តខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





