ល្មិចមួយក្បាលត្រូវបានលែងចូលទៅក្នុងសមុទ្រខេត្តកែបវិញ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦--ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា MCC សហការជាមួយអាជ្ញាធរមូលដ្ឋានបានលែងអណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) មួយក្បាលត្រឡប់ទៅក្នុងមហាសមុទ្រវិញ ក្នុងសមុទ្រ ខេត្តកែប។

ប្រភពពីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា អណ្តើកនេះត្រូវបានជាប់ក្នុងមងក្តាមដោយអចេតនា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានបងប្អូនប្រជានេសាទនៅកោះពោធិ៍ ប្រគល់ជូនសន្តិសុខលម្ហសមុទ្រយ៉ាងមានសុវត្ថិភាព។ ពិធីលែងអណ្តើកនេះត្រូវបានដឹកនាំដោយ ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោក ហ៊ួរ មិថុនា អភិបាលរង នៃគណៈអភិបាលខេត្តកែប។

អណ្តើកសមុទ្រទាំង៥ប្រភេទដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់។ ការការពារពួកវាគឺជាកិច្ចការដ៏សំខាន់បំផុត ហើយវាទាមទារឱ្យមានការចូលរួមពីសហគមន៍ និងអាជ្ញាធរ ដើម្បីធានាបាននូវគង់វង្សអនាគតរបស់ពួកវា៕

ដោយ ណយ នឿន (ប្រភព៖ MCC)





